បារាំងស្នើឱ្យពលរដ្ឋខ្លួនចាកចេញពីរុស្ស៊ីនិងបេឡារូសជាបន្ទាន់ ក្រោយពីប្រធានាធិបតីរុស្ស៊ី បញ្ជាឱ្យត្រៀមប្រើប្រាស់អាវុធនុយក្លែអ៊ែរ
ប៉ារីស៖ ដោយសារតែការបិទដែនអាកាសពីសហភាពអឺរ៉ុប ទៅកាន់រុស្ស៊ីនោះ ក្រសួងការបរទេសបារាំងបានស្នើកាលពី ថ្ងៃអាទិត្យម្សិលមិញ ឱ្យប្រជាជនរបស់ខ្លួនចាកចេញពី ប្រទេសរុស្ស៊ី ជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២៨ កុម្ភៈ ២០២២។
ក្រសួងការបរទេសបារាំងបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង អំពីការធ្វើដំណើរចុងក្រោយថា ដោយសារតែការរឹតត្បិត កាន់តែខ្លាំងឡើងលើចរាចរណ៍ផ្លូវអាកាសរវាងរុស្ស៊ី-អឺរ៉ុបនោះ ខ្លួនបានណែនាំយ៉ាងម៉ឹងម៉ាត់ថា ជនជាតិបារាំងដែលមិនមែនជានិវាសនជននៅរុស្ស៊ី ត្រូវរៀបចំការចាកចេញពីប្រទេសនេះ ដោយមិនមានការពន្យារពេល ដោយបណ្តាញភ្ជាប់ផ្លូវអាកាស ដែលមានស្រាប់។
បើតាមក្រសួងការបរទេសបារាំង ក្រុមហ៊ុនអឺរ៉ុបភាគច្រើន រួមទាំងក្រុមហ៊ុន Air France បានផ្អាកការហោះហើរនៅ ល្ងាចថ្ងៃអាទិត្យម្សិលមិញ ទាំងក្នុងនិងក្រៅប្រទេសរុស្ស៊ី បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចបិទដែនអាកាសរបស់ខ្លួនទៅកាន់រុស្ស៊ី។
នៅក្នុងសេចក្តីជូនដំណឹងអំពីការធ្វើដំណើរជាលើកទីពីរ ទាក់ទងនឹងប្រទេសបេឡារូស ក្រសួងការបរទេសបារាំង ក៏បានស្នើឱ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសបេឡារូសជាបន្ទាន់ផងដែរ។
ក្រសួងបានបញ្ជាក់ដូច្នេះថា ជនជាតិបារាំងនៅបេឡារូសត្រូវ បានអញ្ជើញឱ្យចាកចេញពីប្រទេសនេះ ដោយមិនបង្អង់ យូរតាមផ្លូវគោក តាមរយៈចំណុចឆ្លងកាត់ព្រំដែនជាមួយ ប្រទេសលីទុយអានី ប៉ូឡូញ ឬឡាតវី៕RT