រដ្ឋបាលបៃដិន នឹងបង្កើនការរឹតត្បឹតការនាំចេញបន្ទះឈីប និងគ្រឿងផលិតឈីបទៅចិននៅខែក្រោយ
អាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មានគម្រោងក្នុងការបង្កើនការរឹតត្បឹតលើការនាំចេញសេម៊ីកុងឌុចទ័រ (បន្ទះឈីប) ដែលប្រើក្នុងបញ្ញាសិប្បនិម្មិត (AI) និងគ្រឿង ផលិតបន្ទះឈីប ទៅកាន់ប្រទេសចិន នៅខែក្រោយ។ នេះបើតាម សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ សម្ដីប្រភពមិនបញ្ចេញឈ្មោះផ្សេងៗគ្នា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ កញ្ញា ២០២២។
ក្រសួងពាណិជ្ជកម្មអាមេរិក មានបំណងចេញបញ្ញត្តិថ្មី ដោយផ្អែកលើការរឹតបន្តឹង ដែលមានលើលិខិត ផ្ញើរទៅកាន់ក្រុមហ៊ុនអាមេរិកចំនួន៣កាលពីដើមឆ្នាំនេះ រួមមាន៖ ក្រុមហ៊ុន KLA Corp ក្រុមហ៊ុន Lam Research Corp និង ក្រុមហ៊ុន Applied Materials Inc។ កន្លងមក គ្មានសេចក្ដីរាយការណ៍ ណាមួយពីផែនការសម្រាប់ច្បាប់ថ្មីនេះទេ។
សូមបញ្ជាក់ថា លិខិតដែលក្រុមហ៊ុនទទួលបាន បានហាមឃាត់ ពួកគេកុំឱ្យនាំចេញគ្រឿងផលិតបន្ទះឈីប ទៅកាន់រោងចក្រចិន ដែលផលិតសេម៊ីកុងឌុចទ័រកម្រិតខ្ពស់ លុះត្រាតែពួកគេទទួល បានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម។
ការរឹតត្បឹតស្រដៀងគ្នានេះ ក៏មាននៅក្នុងលិខិតទៅកាន់ក្រុមហ៊ុន Nvidia Corp និង Advanced Micro Devices ផងដែរ ដោយណែនាំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរឱ្យ បញ្ឈប់ការដឹក ការដឹក ជញ្ជូនបន្ទះឈីបដែលប្រើក្នុង AI ជាច្រើនទៅចិន លុះត្រាតែមានអាជ្ញាប័ណ្ណពីក្រសួងដូចគ្នា។