ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្តបញ្ចប់ឲ្យបាន នូវឧក្រិដ្ឋកម្មដែលកើតមានឡើងនៅខេត្តព្រះសីហនុ ហើយធ្វើយ៉ាងណាបញ្ចប់មុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានណែនាំអាជ្ញាធរខេត្តព្រះសីហនុ ធ្វើយ៉ាងណាឲ្យខេត្តរបស់ខ្លួនមានការរីកចម្រើន ព្រោះរួមចំណែកអភិវឌ្ឍដល់ខេត្តផ្សេងៗទៀត នៅប្រទេសកម្ពុជា។

សម្ដេច បានគាំទ្រស្មារតីនៃប្រជុំដឹកនាំដោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអង្គសន្និបាតរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបញ្ចប់ឧក្រិដ្ឋកម្ម ដែលកើតមានឡើងនៅខេត្តព្រះសីហនុ។

សម្ដេច មានប្រសាសន៍ថា «យើងរួមគ្នាប្ដេជ្ញាថា បញ្ចប់បញ្ហានេះ បញ្ចប់ឲ្យបានជាមូលដ្ឋាននូវឧក្រិដ្ឋកម្ម ដែលកើតមាននៅក្នុងខេត្តព្រះសីហនុ នេះជាការប្ដេជ្ញាចិត្តរបស់យើង។ ខ្ញុំ ថា បើមុនបោះឆ្នោតនេះ យើងខិតខំធ្វើយ៉ាងម៉េច មុនបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ បញ្ចប់អាហ្នឹង បញ្ចប់ឲ្យបានជាមូលដ្ឋាន។ ព្រោះយើងមើលទៅសាហាវណាស់ ឯកឧត្តម ជួន ណារិន្ទ បញ្ជូនរូបភាពទៅម្ដងៗ ខ្ញុំមិនចង់មើលទេ ពេលខ្លះ រូបភាពនឹងវាសាហាវពេក ដល់ពេលចឹងគេផ្សាយនៅស្រុកចិន និងពេញពិភពលោក»។

សម្ដេច បានពន្យល់ថា នៅពេលផ្សព្វផ្សាយរូបភាពជុំវិញពិភពលោកចំពោះឧក្រិដ្ឋកម្ម នៅកម្ពុជា ប្រាកដជាគេថា «  ម៉េចកម្ពុជាយ៉ាប់ម៉េស?» មានអ្នកប្លន់ ចាប់ជំរិត គំរាមកំហែង អំពើហិង្សា ពេញខេត្តព្រះសីហនុ។ ដូច្នេះ ត្រូវរួមគ្នាដោះស្រាយឲ្យបានជាមូលដ្ឋាន នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុន។

លើសពីនេះទៀត សម្ដេច ស ខេង ក៏បានណែនាំអាជ្ញាធរគ្រប់លំដាប់ ត្រូវបន្ដបង្ក្រាប់បទល្មើគ្រឿងញៀន ព្រោះថា ខេត្តព្រះសីហនុជាច្រកមួយនាំទំនិញ ចេញ-ចូល ដ៏សំខាន់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ