ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា មន្ដ្រីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ត្រូវមានតួនាទីបង្កលក្ខណៈងាយស្រួលចំពោះអ្នកធ្វើដំណើរ ព្រមទាំងត្រួតពិនិត្យ ដើម្បីរកឲ្យឃើញបទល្មើស ចេញ-ចូល ផងដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងអំណរគុណដល់ភាគីថៃ ពិសេសរដ្ឋបាលខេត្តស្រះកែវ ជានិច្ចជាកាលបានផ្ដល់កិច្ចសហការយ៉ាងល្អជាមួយកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍តំបន់ប៉ោតប៉ែត។

សម្ដេច ក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត បានខិតខំអភិវឌ្ឍក្រុងឲ្យមានការរីកចំរើនជាបន្តបន្ទាប់ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាលសម្រេចបង្កើតក្រុងប៉ោយប៉ែត។ 

សម្ដេច បានគូសបញ្ជាក់ថា «ច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងកន្លែងផ្ដលសេវាសាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេស ដែលត្រូវធ្វើដំណើរ ដឹកទំនិញ ចេញ-ចូល តាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍ ដូច្នេះមន្រ្តីពាក់ព័ន្ធមានតួនាទីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យ ដើម្បីរកឲ្យឃើញបទល្មើស នៃការចេញចូលនោះដែរ»។ 

សូមរំលឹកថា អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ