ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានជំរុញបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា បន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីប្រមូលការគាំទ្រសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ 

តាមរយ:គេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានអញ្ជើញចុះពិនិត្យសហគ្រាសទឹកស្អាតសហគមន៍ ក្នុងឃុំជាច និងឃុំក្របៅ ព្រមទាំងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្របៅ និងឃុំជាច នៃស្រុកកំចាយមារ ខេត្តព្រៃវែង។ 

នាឱកាសនោះ សម្ដេច ស ខេង បានណែនាំក្រុមការងារគ្រប់គ្រងសហគ្រាសទឹកស្អាតសហគមន៍បន្តការខិតខំថែទាំ និងគ្រប់គ្រងដំណើរការសេវាកម្មទឹកស្អាតនេះឱ្យបានល្អ និងជំរុញការលើកទឹកចិត្តឱ្យប្រជាសហគមន៍ក្នុងឃុំងាកមកចូលរួមប្រើប្រាស់ទឹកស្អាត  ដើម្បីសុខភាពពួកគាត់ផង និងចូលរួមផ្ដល់ប្រាក់ចំណូលមកសហគ្រាសផង ហើយចំណូលនោះមួយផ្នែកបានមកពីសេវាកម្មនេះនឹងត្រូវប្រើប្រាស់សម្រាប់ការរួមអភិវឌ្ឍន៍មូលដ្ឋាន។

ក្នុងពេលជួបសំណេះសំណាលមួយក្រុមប្រឹក្សាឃុំជាច និងឃុំក្របៅ នាឱកាសនោះ សម្ដេច ស ខេង បានផ្ដល់ឱកាសជូនតំណាងក្រុមប្រឹក្សាឃុំជាច និងឃុំក្របៅ រាយការណ៍អំពីដំណើរការគ្រប់គ្រង ផលិត និងចែកចាយទឹកស្អាត ដោយសម្ដេច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងលើកទឹកចិត្តឱ្យខិតខំបន្តនិរន្តរភាពសហគ្រាស រួមទាំងកិច្ចការផ្សេងទៀតពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈជូនប្រជាជន។

ដោយឡែក នាឱកាសចុះមូលដ្ឋាននោះដែរ សម្ដេច ស ខេង ក៏បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ដែលអញ្ជើញមកពីឃុំចំនួន៣ រួមមាន ឃុំក្របៅ ឃុំជាច និងឃុំក្រញូង នៃស្រុកកំចាយមារ ខេត្តព្រៃវែង។ សម្ដេច  បានបញ្ជាក់  «ជំរុញលើកទឹកចិត្តឱ្យបេក្ខជនទាំងអស់បន្តខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋដើម្បីប្រមូលការគាំទ្រសម្រាប់ការបោះឆ្នោតខាងមុខ»៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ