មជ្ឈមណ្ឌលកែច្នៃនៅទីក្រុងMarikina ប្រទេសហ្វីលីពីន បានកែច្នៃផ្ទាំងរូបភាពបោះឆ្នោត បំប្លែងទៅជាឥដ្ឋប្លាស្ទិក
ម៉ានីល៖ បន្ទាប់ពីបិទបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅ កម្មករក្នុងទីក្រុងម៉ានីល បានយកផ្ទាំងផ្សព្វផ្សាយយុទ្ធនាការបោះឆ្នោតរាប់ពាន់សន្លឹក ដែលបិទ ឬដាក់តាំងនៅទូទាំងរដ្ឋធានី និងជាយក្រុង ដែលបណ្តាលឱ្យមានការប្រមូលផ្តុំកាកសំណល់ប្លាស្ទិកយ៉ាងច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន SCMP នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២។
ដើម្បីជាកិច្ចការពារដល់បរិស្ថានរបស់ប្រទេសខ្លួននោះ មជ្ឈមណ្ឌលកែច្នៃនៅទីក្រុងMarikina បានគិតគូរអំពីវិធីថ្មីមួយ ក្នុងការកែច្នៃសំរាមទាំងនេះ ដោយបំប្លែងវាទៅជាឥដ្ឋប្លាស្ទិក។
កូនប្រុសអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បានទទួលសំឡេងគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលនេះមានន័យថា លោកត្រូវឡើងកាន់តំណែងជាប្រធានាធិបតីថ្មី ជំនួសលោក រ៉ូឌ្រីហ្គោ ឌូតើតេ ដែលចប់អាណត្តិ។ បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩០ភាគរយ, លោក ម៉ាកូស ទទួលបានសំឡេងគាំទ្រ ២៩.៩លានសំឡេង ពោលគឺច្រើនជាងគូប្រជែងរបស់លោក គឺលោកស្រីអនុប្រធានាធិបតី ឡេនី រ៉ូប្រេដូ (Leni Robredo) ដល់ទៅ ២ដង។ រីឯ លទ្ធផលបោះឆ្នោតផ្លូវការត្រូវបានគេពឹងថា នឹងត្រូវចេញផ្សាយ នៅចុងខែឧសភាខាងមុខនេះ។
គួរបញ្ជាក់ថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត, លោក ម៉ាកូស ជេអ មានអាយុ ៦៤ឆ្នាំ បានសន្យាថា លោកនឹងដោះស្រាយបញ្ហាជាច្រើនដែលជាកង្វល់របស់ប្រជាជនហ្វីលីពីន ក្នុងនោះរួមមានការបង្កើតការងារ, បញ្ហាទំនិញឡើងថ្លៃ និងស្វែងរកឯកភាពជាតិជូនហ្វីលីពីនផងដែរ៕RT