តម្លៃប្រេងឡើងថ្លៃជាង៣ភាគរយខណៈដែលអង្គការ អូប៉ិច(OPEC) រំពឹងថានឹងកាត់បន្ថយការបរិមាណបូមប្រេងដល់មួយលានបារ៉ែលក្នុងមួយថ្ងៃ
អន្តរជាតិ៖ តម្លៃប្រេងបានកើនឡើងច្រើនជាងបីភាគរយនៅក្នុងទីផ្សារអាស៊ីជាដំបូងនៅថ្ងៃចន្ទ ខណៈដែលអង្គការ អូប៉ិច(OPEC)ពិចារណាកាត់បន្ថយការបូមប្រេងរហូតដល់ 1 លានបារ៉ែលក្នុងមួយថ្ងៃ។ វិធានការនេះ ធ្វើឡើង ដើម្បីឱ្យប្រេងឡើងថ្លៃសំដៅគាំទ្រទីផ្សារប្រេង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ០៣ តុលា ២០២២។
តម្លៃប្រេងឆៅ បានស្ទុះងើបឡើងវិញក្នុងតម្លៃលើសមុនប្រមាណ ២.៨២ដុល្លារ ឬ ៣.៣ភាគរយ ។ តម្លៃប្រេង Brent ឡើងដល់ ៨៧.៩៦ ដុល្លារ ក្នុងមួយបារ៉ែលបន្ទាប់ពីបានធ្លាក់ថ្លៃ០.៦ភាគរយកាលពីថ្ងៃសុក្រ។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate មានតម្លៃ ៨២.០៩ដុល្លារក្នុងមួយបារ៉ែល កើនឡើង២.៦០ដុល្លារ ឬ៣.៣ភាគរយបន្ទាប់ពីធ្លាក់តម្លៃ ២.១ភាគរយកាលពីសប្ដាហ៍មុន។
តម្លៃប្រេងបានធ្លាក់ចុះរយៈពេលបួនខែជាប់ៗគ្នាចាប់តាំងពីខែមិថុនា ដោយសារការវិធានការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងចំណោមអ្នកប្រើប្រាស់របស់ប្រទេសចិន។ ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់តម្រូវការប្រេង នាំឱ្យប្រេងចាល់រកទីផ្សារលក់មិនបាន ខណៈពេលដែលការកើនឡើងអត្រាការប្រាក់ និងការកើនឡើងតម្លៃប្រាក់ដុល្លារអាមេរិកថែមមួយជាន់ទៀត។
ប្រភពពីOPEC បានប្រាប់រ៉យទ័រថា ដើម្បីគាំទ្រតម្លៃ អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ពួកគេ កំពុងពិចារណាកាត់បន្ថយទិន្នផលពី០.៥លានទៅមួយលានបារ៉ែលក្នុងមួយថ្ងៃ មុនអង្គការនេះបើកកិច្ចប្រជុំនៅថ្ងៃពុធ។ យុទ្ធសាស្ត្រនេះនឹងក្លាយជាការកាត់បន្ថយការបូមប្រេងលើកទីពីរក្នុងរយៈពេលមួយខែចុងក្រោយរបស់ក្រុមប្រទេសបូមប្រេង៕RT