អង់គ្លេស៖ AstraZeneca ដែលជាក្រុមហ៊ុនផលិតឱសថនៅអង់គ្លេស កាលពីថ្ងៃទី១១ តុលានេះ បានឲ្យដឹងថា ថ្នាំសម្រាប់ចាក់បញ្ចូលអង់ទីគ័រ ខ្លួនកំពុងផលិតបានទទួលជោគជ័យក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរ និងការស្លាប់ ក្នុងចំណោមអ្នកជំងឺ COVID-19 នៅក្នុងការសិក្សាដំណាក់កាលចុងក្រោយមួយ។
ក្រុមហ៊ុនបានឲ្យដឹងថា ក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយមួយ ថ្នាំនេះអាចជួយកាត់បន្ថយហានិភ័យ នៃការឈានទៅធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬក៏ស្លាប់ដោយសារ COVID-19 បានកម្រិត «៥០ភាគរយ» ក្នុងចំណោមអ្នកជំងឺ ដែលមានរោគសញ្ញាសម្រាប់រយៈពេល ៧ថ្ងៃចុះក្រោម។
យ៉ាងណាមិញ ថ្នាំនោះមានឈ្មោះសម្គាល់ថា AZD7442 គឺជាការលាយផ្សំគ្នារវាងអង់ទីគ័រពីរប្រភេទ បានមកពីអ្នកជំងឺ COVID-19 ដែលបានជាសះស្បើយ នេះបើតាមក្រុមហ៊ុនដដែល៕