មូស្គូ៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាឈិនកូ (Alexander Lukashenko) និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមព្រៀងគ្នាក្នុងការបង្កើតក្រុមយោធារួមគ្នា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងភាពតានតឹង ព្រំដែនភាគខាងលិច។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ១១ តុលា ២០២២។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស លោក លូកាឈិនកូ បានគូសបញ្ជាក់ថា លោកបានចេញបញ្ជាឱ្យដាក់ពង្រាយកងទ័ពរួមគ្នាជាមួយរុស្ស៉ី នៅក្បែរព្រំប្រទល់អ៊ុយក្រែន ហើយប្រតិបត្តិការបានចាប់ផ្តើមកាលពី២ថ្ងៃមុន ពោលក្រោយមានករណីផ្ទុះ នៅលើស្ពានយុទ្ធសាស្រ្ត ដែលតភ្ជាប់រវាងគ្រីមៀនិងប្រទេសរុស្ស៉ី។ លោក លូកាឈិនកូ ក៏បានលើកឡើងផងដែរពី ការគំរាមកំហែងកាន់តែខ្លាំងឡើង ចំពោះសន្តិសុខបេឡារុស ពីសំណាក់អ៊ុយក្រែន និងអង្គការណាតូ ដែលជាហេតុផលចម្បង នៅពីក្រោយការផ្លាស់ប្តូរនេះ។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់ប្រទេសបេឡារុស ជាទីតាំងឈរជើងសម្រាប់ការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ តាមរយៈការបញ្ជូនកងទ័ពនិងសម្ភារៈយោធា ចូលទៅកាន់ភាគខាងជើងអ៊ុយក្រែន ចេញពីមូលដ្ឋាន នៅបេឡារុស ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ