ឥណ្ឌា ៖ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា អ្នកជំងឺកូវីដ១៩ចំនួន២២នាក់នៅមន្ទីរពេទ្យមួយ ក្នុងប្រទេសឥណ្ឌា បានស្លាប់កាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីមានការលេចធ្លាយបំពង់ផ្គត់ផ្គង់អុកស៊ីហ្សេន។ 

លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានថ្លែងថា ការលេចធ្លាយដែលបានកើតឡើងនៅក្នុងរដ្ឋ ម៉ាហារ៉ាស្ត្រា ដែលជាចំណុចកណ្តាលនៃការផ្ទុះកូវីដ១៩របស់ប្រទេសឥណ្ឌាគឺជាឈឺចាប់ខ្លាំងបំផុត។ សោកនាដកម្មនេះ កើតឡើងនៅពេលប្រទេសឥណ្ឌាកំពុងជួបវិបត្តិកង្វះខាតយ៉ាងខ្លាំងនៃការផ្គត់ផ្គង់គ្រឿងបរិក្ខារផ្នែកវេជ្ជសាស្ត្រ អំឡុងការឆ្លងរីករាលដាលវីរុសកូវីដ១៩កាន់តែខ្លាំងមិនធ្លាប់មាន។ 

លោក Suraj Mandhare មន្ត្រីបានប្រាប់ថាការ លេចធ្លាយរយៈពេល ៣០នាទីនៃប្រព័ន្ធមេផ្គត់ផ្គង់អុកស៊ីសែននៅខាងក្រៅមន្ទីរពេទ្យ Zakir Hussain ដែលមានទីតាំងក្នុងទីក្រុងបុរាណ ណាស៊ិក ចម្ងាយប្រហែល ២០០គីឡូម៉ែត្រខាងជើងទីក្រុង ម៉ុមបៃ បានកាត់ផ្តាច់ការផ្គត់ផ្គង់ដល់បំពង់អុកស៊ីសែនរបស់អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាង៦០នាក់។

យ៉ាងណាមិញ លោក Uddhav Thackeray ប្រធានរដ្ឋបានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់មួយ។ ខណៈដែលការស្លា.ប់នេះ កើតឡើងក្រោយមួយសប្តាហ៍បន្ទាប់ពីលោក Thackeray បានស្នើសុំជំនួយគ្រឿងផ្គត់ផ្គង់អុកស៊ីសែនទៅក្នុងតំបន់ ដើម្បីកាត់បន្ថយការខ្វះខាតយ៉ាងខ្លាំងនៅពេលចំនួនអ្នកឆ្លងកើនឡើង។

គួរបញ្ជាក់ថា បើតាមប្រភពពី worldometers បានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ១៩នៅប្រទេសឥណ្ឌាកើនឡើងជិត១៦លាននាក់ និងចំនួនអ្នកស្លា.ប់សរុបកើនដល់ ១៨៤,៦៧២នាក់។ ដែលនាំឱ្យប្រទេសនេះ បន្តឈរនៅលំដាប់ទី ២ ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ