ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពុំមែនជាភារកិច្ច និងទទួលខុសត្រូវរបស់សមត្ថកិច្ចអនុវត្តន៍ច្បាប់តែមួយប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីទទួលខុសត្រូវរួមពីគ្រប់វិស័យ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ ហើយបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុត ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឲ្យអស់ពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ 

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់របស់ស្នូល នៃបញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាឲ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់ប្រជាជន។ ការបន្តដាក់ចេញនូវផែនការយុទ្ធនាការលើកទី៩ ក៏ដូចជាបង្កើតគណៈបញ្ជាការយុទ្ធនាការ សម្រាប់អាណត្តិថ្មីនេះ គឺជាការបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែកម្ពុជា ទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។

លោកឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពុំមែនជាភារកិច្ច និងការទទួលខុសត្រូវរបស់សមត្ថកិច្ចអនុវត្តន៍ច្បាប់តែមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្មារតីទទួលខុសត្រូវរួមពីគ្រប់វិស័យទាំងអស់។ ការបង្ក្រាបតែមួយមុខពិតជាពុំអាចឆ្លើយតបទៅនឹងសភាពការណ៍ និងលុបបំបាត់គ្រឿងញៀនចេញពីប្រទេសយើងបាននោះទេ ត្រូវទាមទារឲ្យមានការអប់រំយល់ដឹងការចូលរួមពីសហគមន៍ និងការសហការជួយគ្នា ក្នុងការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងធ្វើសមាហរណកម្មក្នុងសង្គម»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ