មេដឹកនាំកំពូលអ៊ីរ៉ង់ចោទសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជាមេខ្លោងនៅពីក្រោយការតវ៉ាដ៏ហិង្សាក្នុងប្រទេសខ្លួន
តេហេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជាមេក្លោងដុតបញ្ឆេះការតវ៉ាដ៏ហិង្សា ដែលបង្កឡើងដោយសារមរណភាពរបស់នារីវ័យក្មេងម្នាក់ដែលត្រូវបានចាប់ខ្លួន ពីបទស្លៀកពាក់មិនសមរម្យតាមច្បាប់សាសនាអ៊ីស្លាម។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃ០៤ តុលា ២០២២។
នៅក្នុងសុន្ទរកថាមួយ លោក Ayatollah Ali Khamenei បានទម្លាយភាពស្ងៀមស្ងាត់របស់គាត់លើការតវ៉ាជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមក្រោយនាង Mahsa Amini អាយុ ២២ឆ្នាំបានស្លាប់កាលពីខែមុន ខណៈពេលកំពុងជាប់ឃុំ។ ក្រុមអ្នកតវ៉ាជឿជាក់ថា នាងត្រូវបានប៉ូលីសវាយដំរហូតដល់បាត់បង់ជីវិត។
ជាមួយគ្នានេះ លោក Khamenei បាននិយាយថា គាត់ខូចចិត្តចំពោះការស្លាប់របស់នាង Mahsa Amini ប៉ុន្តែលោកបានពណ៌នាទិដ្ឋភាពនៃក្រុមបាតុករដុតធនាគារ និងរថយន្តថា មិនមែនជារឿងធម្មតាទេ ដោយលោកបានអះអាងថា ភាពចលាចលនេះត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ បន្ថែមលើនេះ លោក Khamenei ក៏បានសម្តែងការគាំទ្រចំពោះការបង្រ្កាបរបស់អាជ្ញាធរទៅលើក្រុមបាតុករផងដែរ ហើយថា អ្នកណាដែលបង្កជម្លោះត្រូវទទួលទោសតាមច្បាប់។
គួរបញ្ជាក់ថា ភាពចលាចលចុងក្រោយបំផុតត្រូវបានកំណត់លក្ខណៈដោយការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ ដែលភាគច្រើននៅតាមបរិវេណសាកលវិទ្យាល័យទូទាំងប្រទេសអ៊ីរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា គិតមកទល់ពេលនេះ មនុស្ស ៤១នាក់ហើយបានស្លាប់ ខណៈដែលសកម្មជនសិទ្ធិមនុស្សនិយាយថា តួលេខនេះបង្ហាញពីចំនួនអ្នកស្លាប់ពិតប្រាកដ។ ចំណែកអ្នកសង្កេតការណ៍ព្រួយបារម្ភថា ការបង្ក្រាបបន្ថែមទៀតអាចបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសច្រើនជាងនេះ៕