អន្តរជាតិ៖ ប្រធានសភាអាមេរិកលោក Kevin McCarthy នឹងជួបប្រជុំទេ្វភាគីជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ក្នុងរដ្ឋ California នៅថ្ងៃពុធ ស្របពេលដែលលោក Donald Trump ក៏កំពុងប្រឈមមុខនឹងការឡើងតុលាការ ក្រោមបទចោទប្រកាន់ព្រហ្មទណ្ឌ រឿងផ្តល់ប្រាក់សូកប៉ាន់បំបិទមាត់ទៅឲ្យតារាអាសអាភាស Stormy Daniels ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី ០៤ មេសា ២០២៣។

លោកស្រី Tsai កំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាមេរិកកណ្តាលចំនួន ២ ដូចជា ប្រទេសក្វាតេម៉ាឡា និងប្រទេសបេលី ហើយមុនទៅដល់ប្រទេសទាំងពីរលោកស្រីក៏បានចុះចតយន្តហោះ និងឈប់សម្រាកនៅលើទឹកដីនៃទីក្រុងញូវយ៉ក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ចិនបានចាត់ទុកទង្វើរបស់លោកស្រី Tsai ដែលចុះចតលើទឹកដីសហរដ្ឋអាមេរិកថា ជាលេសរបស់មេដឹកនាំតៃវ៉ាន់រូបនេះ  ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងប្រឆាំងនឹងទំនាក់ទំនងគ្រប់រូបភាពរវាងអាមេរិក និងតៃវ៉ាន់ ។

ទោះយ៉ាងណា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានលើកឡើងថា ទីក្រុងប៉េកាំងមិនគួរប្រើការឈប់សម្រាករបស់លោកស្រី Tsai Ing-wen លើទឹកដីអាមេរិក ជាលេសដើម្បីបង្កើនសកម្មភាពលុកលុយណាមួយនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ឡើយ ។

លោក Kirby បញ្ជាក់ទៀតថា លោកស្រី Tsai Ing-wen គ្រាន់តែហោះឆ្លងកាត់អាមេរិកប៉ុណ្ណោះ លោកស្រីមិនបានមកទស្សនកិច្ចប្រទេសរបស់យើងនោះទេ ហើយការចុះចតឈប់សម្រាកនេះ គឺជាលក្ខណៈឯកជន មិនមែនដំណើរផ្លូវការនោះទេ ។

គួរបញ្ជាក់ផងដែរថា លោកស្រី Tsai នឹងចុះចតឈប់សម្រាកសាជាថ្មីនៅលើទឹកដីនៃទីក្រុង Los Angeles ក្រោយវិលត្រឡប់មកពីប្រទេសអាមេរិកកណ្ដាលទាំងពីរនេះ មុនពេលអញ្ជើញធ្វើដំណើរត្រឡប់ទៅកាន់កោះតៃវ៉ាន់វិញ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ