នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយមានសំណួរជាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ អំពីនីតិវិធី ក្នុងការរាយការណ៍បញ្ហាផ្សេងៗ ដែលបានកើតមានឡើងលើគណនីបណ្តាញសង្គម Facebook។ បន្ថែមលើអត្ថបទដែលបានចុះផ្សាយកន្លងមក ថ្ងៃនេះក្រុមការងារសូមធ្វើការចែករំលែក អំពីរបៀបធ្វើសេចក្តីរាយការណ៍អំពីគណនីរបស់បងប្អូន នៅពេលមានបញ្ហា តួរយ៉ាង៖ គណនីត្រូវបានជនអនាមិកកាន់កាប់ដោយខុសច្បាប់ បញ្ហាមានគណនីក្លែងបន្លំ ឬបញ្ហាទាក់ទងនឹងឯកជនភាពមួយចំនួន។
ដើម្បីធ្វើសេចក្តីរាយការណ៍ សូមបងប្អូនចូលទៅកាន់តំណភ្ជាប់៖ https://www.facebook.com/hacked
ប្រសិនបើប្អូនចូលតំណភ្ជាប់ខាងលើដោយពុំទាន់បាន Login ចូលទៅកាន់គណនី តំណភ្ជាប់ខាងលើនឹងបង្ហាញផ្ទាំង និងរបៀបក្នុងការរាយការណ៍ករណីគណនីបណ្តាញសង្គម Facebook របស់បងប្អូនត្រូវបានលួចកាន់កាប់ដោយជនអនាមិក៖
- សូមវាយបញ្ចូលលេខទូរស័ព្ទ ឬអ៊ីម៉ែល ដែលភ្ជាប់ទៅនឹងគណនី Facebook ដែលចង់រាយការណ៍
- ធ្វើការផ្ទៀងផ្ទាត់លេខសម្ងាត់ចាស់របស់អ្នកមុនពេលប្តូរដោយជនអនាមិក
- បន្ទាប់មកសូមធ្វើតាមការណែនាំ និងលក្ខខណ្ឌផ្សេងៗ តម្រូវដោយក្រុមហ៊ុន Facebook
ក្នុងករណីបងប្អូនបាន Login ចូលទៅកាន់គណនីខ្លួន ឬកំពុងមានសិទ្ធិកាន់កាប់គណនីរបស់ខ្លួន តំណភ្ជាប់ខាងលើនឹងបង្ហាញអំពីជម្រើសមួយចំនួន ដែលបងប្អូនអាចធ្វើសេចក្តីរាយការណ៍ លើបញ្ហាដូចជា៖
- សង្កេតឃើញមានអត្ថបទ ឬសារ (Post / Messsage / Event) ដែលលោកអ្នកពុំបានបង្កើត (I found a post, message or event that I didn't create)
- សង្ស័យមានជនអនាមិកកំពុងប្រើប្រាស់គណនីរបស់ខ្លួន (Someone else got into my account without my permission)
- សង្កេតឃើញមានគណនីក្លែងបន្លំប្រើប្រាស់ឈ្មោះ ឬរូបថតរបស់អ្នក (I found an account which uses my name or photos)
- បញ្ហាទាក់ទងនឹងសិទ្ធិឯកជនភាព (People can see things that I thought were private)
- ឬបញ្ហាផ្សេងៗ ដែលពុំមានក្នុងជម្រើសខាងលើ (I don't see the right option on this list)
បញ្ជាក់៖ អត្ថបទខាងលើគ្រាន់តែជាទស្សនាទាន និងជាគន្លឹះទូទៅ ដើម្បីបងប្អូនអាចយកទៅប្រើប្រាស់ក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាកើតមានលើគណនី Facebook។ ទោះជាយ៉ាងណាសេចក្តីរាយការណ៍នីមួយៗ មានការណែនាំ និងលក្ខខណ្ឌផ្សេងៗ តម្រូវដោយក្រុមហ៊ុន Facebook ដែលបងប្អូនត្រូវបំពេញ និងធ្វើតាមជាចាំបាច់។
#Facebook #Report #FakeAccount #AccountCompromise #Privacy #ITDepartment #MoI