សហភាពអឺរ៉ុបនឹងអនុញ្ញាតអោយពលរដ្ឋអាមេរិកទាំងឡាយណា ដែលចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 រួចរាល់ហើយ អាចទៅលេងបានចាប់ពីរដូវក្តៅនេះ
អាមេរិក៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហភាពអឺរ៉ុបបញ្ជាក់ថា ពលរដ្ឋអាមេរិកទាំងឡាយណា ដែលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 រួចរាល់ហើយនោះ នឹងអាចធ្វើដំណើរមកលេងទ្វីបអឺរ៉ុបបានចាប់ពីរដូវក្តៅខាងមុខនេះ ស្របពេលដែលមានការបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ ។បើយោងតាមប្រភព Reuters
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានថ្លែងប្រាប់សារព័ត៌មាន The New York Times ថា សមាជិកទាំង២៧ប្រទេសរបស់សហភាពអឺរ៉ុបគាំទ្រដោយឥតលក្ខខណ្ឌ ចំពោះការសម្រេចចិត្តខាងលើ ដោយជនជាតិអាមេរិកាំងណាក៏ដោយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានអនុម័តឲ្យប្រើដោយនិយ័តករឱសថអឺរ៉ុប (EMA) នោះ នឹងអាចធ្វើដំណើរមកកាន់អឺរ៉ុបឡើងវិញ ។
ស្របពេលជាមួយគ្នានោះដែរ ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ មិនបានបញ្ជាក់់ អំពីថ្ងៃកំណត់ជាក់លាក់នោះឡើយ នៃការបើកឲ្យធ្វើដំណើរសេរី ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួច មកពីសហរដ្ឋអាមេរិកនោះ ។
គួររម្លឹកថា សហភាពអឺរ៉ុបបានបិទការធ្វើដំណើរមិនចាំបាច់ជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជាងមួយឆ្នាំទៅហើយ ដែលជាវិធានការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ៕RT