មនុស្សជាង១០.០០០នាក់ បានដើរក្បួនដង្ហែរថ្ងៃ Bastille Day នៅ Champs-Elysees កណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង
បារាំង៖ការប្រារព្វពិធី Bastille Day របស់ប្រទេសបារាំងបានធ្វើឡើងសារជាថ្មីបន្ទាប់ពីខកខានធ្វើឡើងកាលពីឆ្នាំមុនដោយសារតែការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមការចុះផ្សាយដោយAFP។
ក្រុមមន្រ្តីបារាំងបញ្ជាក់ពីការចូលរួម ដែលមានមនុស្សប្រហែល ១០.០០០ នាក់នៅក្នុងឆ្នាំនេះ តែចំនួននេះមានតិចជាងកាលពីឆ្នាំមុនៗ ដោយមានប្រហែល២៥,០០០នាក់ឯណោះ។ក្រុមមន្ត្រីបានបន្ថែមថា អ្នកដែលចូលរួម គឺជាអ្នកដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ ទើបមានសិទ្ធឱ្យចូលរួមបាន។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានដឹកនាំពិធីនេះខណៈអ្នកចូលរួមប្រមាណ ៥០០០ នាក់បានដើរក្បួននៅពីក្រោយលោក។ យន្ដហោះបារាំងបានហោះហើរលើអាកាស ដោយបានបញ្ចេញផ្សែងដែលហុយចេញជាពណ៌ទង់ជាតិប្រទេសបារាំង។ការដើរព្យុហយាត្រានៅឆ្នាំនេះបានផ្តល់កិត្តិយសដល់កងកំលាំងពិសេសដឹកនាំដោយបារាំងដែលមានឈ្មោះថាតាប៊ូដែលត្រូវបានបញ្ជូនទៅតំបន់សាហអាហ្វ្រិក។ កងទ័ពយោធាប្រហែល ៨០ នាក់មកពីប្រទេសស៊ុយអែត,អេស្តូនី,អ៊ីតាលី, បែលហ្ស៊ិក,ព័រទុយហ្កាល់និងហូឡង់ក៏បានចូលរួមក្នុងការបើកព្យុហយាត្រាយោធានេះផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុនដោយសារតែការឆ្លងរាលដាលនៃជំងឺឆ្លងវីរុសកូវីដ១៩ ទើបធ្វើឱ្យក្បួនដង្ហែរត្រូវបានលុបចោលនិងជំនួសដោយពិធីគោរពដល់បុគ្គលិកថែទាំសុខភាពជួរមុខ។
គួររំលឹកថា ថ្ងៃឈប់សម្រាក Bastille Day ជាការរំលឹកដល់ការវាយលុកនៃ Bastille ដែលជាបន្ទាយមួយធ្លាប់ប្រើដើម្បីចាប់អ្នកទោសនយោបាយនៅទីក្រុងប៉ារីសនៅថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ១៧៨៩ ដែលជាការចាប់ផ្តើមនៃបដិវត្តបារាំង៕PP