ប៉ូលិស បានចាប់ខ្លួនបុរសអាមេរិកម្នាក់ ដែលប្រើហិង្សាលើស្រី្តចំណាស់ម្នាក់ជាជនជាតិអាស៊ី
(ញូយ៉ក)៖ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប៉ូលិសក្រុងញូយ៉ក នៅថ្ងៃពុធនេះបានចាប់ខ្លួន និងចោទប្រកាន់បុរសម្នាក់ដែលបានប្រើហិង្សាលើស្ត្រីអាយុ៦៥ឆ្នាំម្នាក់ជាពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ីខណៈអំពើរើសអើងពូជសាសន៍ប្រឆាំងជនជាតិអាស៊ីកំពុងកើនឡើងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។
យ៉ាងណាមិញ បើតាមប៉ូលិសក្រុងញូយ៉ក ស្ត្រីចំណាស់ខាងលើត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ វាយយ៉ាងចាស់ដៃនៅលើដងផ្លូវក្នុងសង្កាត់ Manhattan កាលពីរសៀលថ្ងៃចន្ទដើម សប្ដាហ៍កន្លងទៅនេះ។ បុរសជាជនសង្ស័យបានដាល់ និងទាត់ធាក់ទៅលើរាងកាយស្រី្តចំណាស់នោះ ដោយមានប្រើប្រាស់ពាក្យពេចន៍ប្រកាន់ពូជសាសន៍ប្រឆាំងនឹងជនជាតិ អាស៊ីផងដែរ។
គួរបញ្ជាក់ថា បើតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាការរើសអើងពូជសាសន៍ និងជ្រុលនិយម អំពើរើសអើងពូជសាសន៍ប្រឆាំងនឹងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី បានកើន ឡើង១៤៩ភាគរយ ក្នុងឆ្នាំ២០២០កន្លងទៅ នៅតាមទីក្រុងធំៗចំនួន១៦ របស់សហរដ្ឋអាមេរិក បើធៀបទៅនឹងឆ្នាំ២០១៩៕