ហ្ស៊េរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែលបាននិយាយថា ប្រទេសអ៊ីស្រាអែលនឹងធ្វើការទទួលខុសត្រូវទាំងស្រុង ចំពោះសន្តិសុខរបស់តំបន់ហ្គាហ្សា ក្នុងរយៈពេលមិនកំណត់មួយ បន្ទាប់ពីសង្គ្រាមរបស់ខ្លួនជាមួយក្រុមហាម៉ាស់បានបញ្ចប់។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ជាមួយសារព័ត៌មាន ABC News ដែលចេញផ្សាយថា នៅពេលដែលយើងខ្វះទំនួលខុសត្រូវផ្នែកសន្តិសុខ អ្វីដែលយើងជួប នោះគឺការវាយប្រហារនៃពួកភេរវកររបស់ក្រុមហាម៉ាស ក្នុងកម្រិតមួយដែលយើងនឹកស្មានមិនដល់។ ដូច្នេះហើយ អ៊ីស្រាអែលនឹងទទួលខុសត្រូវផ្នែកសន្តិសុខនៅតំបន់ហ្គាហ្សាទាំងមូល នៅក្នុងរយៈពេលមិនកំណត់មួយ បន្ទាប់ពីសង្គ្រាមជាមួយក្រុមហាម៉ាសបានបញ្ចប់។

ទោះបីជាមានការអំពាវនាវកាន់តែខ្លាំងឡើង សម្រាប់បទឈប់បាញ់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងមេដឹកនាំពិភពលោកផ្សេងទៀតក៏ដោយ ក៏លោក ណេតាន់យ៉ាហ៊ូ និយាយថា ខ្លួនមិនស្តាប់នរណាម្នាក់ឡើយ ហើយថា នឹងមិនមានបទឈប់បាញ់នៅហ្គាហ្សាទេ បើគ្មានការដោះលែងចំណាប់ខ្មាំង។ ទោះបីជាយ៉ាងណា លោកបានអះអាងថា អ៊ីស្រាអែលនឹងពិចារណាលើការផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលដល់កិច្ចការផ្ដល់ជំនួយ និងការដោះលែងចំណាប់ខ្មាំង ប៉ុន្តែនៅតែបដិសេធបទឈប់បាញ់ទាំងស្រុងជាមួយក្រុមហាម៉ាស។

សូមបញ្ជាក់ថា យោធាអ៊ីស្រាអែលបានវាយប្រហារនៅតំបន់ហ្គាហ្សា ឥតឈប់ឈរទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបើកការវាយប្រហារឆ្លងព្រំដែន ដែលបានបណ្តាលឱ្យមនុស្ស ១,៤០០នាក់បានស្លាប់នៅក្នុងទឹកដីអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល និងចំណាប់ខ្មាំងជាង ២៤០នាក់ត្រូវបានចាប់ខ្លួន។ ចំណែកក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស ក៏បានអះអាងនៅថ្ងៃចន្ទសប្តាហ៍នេះដែរថា ចំនួនអ្នកស្លាប់នៅហ្គាហ្សាបានកើនលើស ១០,០០០នាក់ហើយ ក្នុងនោះមានកុមារជាង ៤,០០០នាក់ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ