ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះគម្រោងលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ ហើយជំរុញឲ្យសហរដ្ឋអាមេរិកលុបចោលការសម្រេចចិត្តរបស់ខ្លួនជាបន្ទាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Thai PBS នៅថ្ងៃទី២៥ មិថុនា ២០២៣។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ប្រព័ន្ធស្រាវជ្រាវ និងតាមដានសម្រាប់យន្តហោះចម្បាំង F-16 និងឧបករណ៍ផ្សេងៗទៀត ទៅឲ្យកោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាងវិនប៊ីន (Wang Wenbin) បាននិយាយថា ការលក់គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន បានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងខ្លឹមសារដែលបានចែងនៃសេចក្តីប្រកាសរួមចំនួនបីរវាងចិន-អាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ឆ្នាំ ១៩៨២ ។
ការលក់នេះក៏បំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ផងដែរ ដែលបំផ្លាញអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
លោក Wang បាននិយាយថា កិច្ចព្រមព្រៀងនេះបញ្ជូនសញ្ញាខុសធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួនតៃវ៉ាន់ដែលកំពុងស្វែងរកឯករាជ្យភាព។
លោកបាននិយាយថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន។ លោកបានចង្អុលបង្ហាញថា បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនមានការជ្រៀតជ្រែកពីបរទេសឡើយ៕