ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ហិរញ្ញប្បទាន៣០លានដុល្លារ ជួយពង្រឹងប្រព័ន្ធសុខាភិបាល ឆ្លើយតបនឹងជំងឺកូវីដ១៩ របស់កម្ពុជា
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសពីការអនុម័តហិរញ្ញប្បទានចំនួន៣០លានដុល្លារ ដើម្បីជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ខណៈពេលមានការកើនឡើងនៃការឆ្លងថ្មី និងករណីក្នុងសហគមន៍នៃជំងឺកូវីដ១៩។
យោងតាមសេចក្ដីប្រកាសព័ត៌របស់ ADB បានឲ្យដឹងថា ជំនួយនេះរួមមានប្រាក់កម្ចី២៥លានដុល្លារ ជាហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ (GMS) ។ វានឹងជំរុញសេវាកម្មមន្ទីរពិសោធន៍ និងការត្រួតពិនិត្យ ការការពារការឆ្លងមេរោគនៅមន្ទីរពេទ្យបង្អែកខេត្តនិងស្រុកចំនួន៨១ នៅទូទាំងប្រទេស។ វានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធឃ្លាំមើលនិងឆ្លើយតបជំងឺ ការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងការតាមប្រភពចម្លងជំងឺនៅតាមភ្នាក់ងារសុខាភិបាលមជ្ឈិម ខេត្ត និងស្រុក។
ធនាគារអភិវឌ្ឍន៍អាស៊ីក៏នឹងផ្តល់ជំនួយឥតសំណងចំនួន ៥ លានដុល្លារពីមូលនិធិជប៉ុនសម្រាប់ ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction) របស់រដ្ឋាភិបាលជប៉ុន ដើម្បីកែលម្អ សេវាថែទាំបន្ទាន់នៅមន្ទីរពេទ្យខេត្តចំនួន១៤ ។ វារួមបញ្ចូលទាំងការផ្តល់ថវិកាសម្រាប់ឧបករណ៍ថ្មី ដូចជា រថយន្តសង្គ្រោះបន្ទាន់ បំពុងផលិតអុកស៊ីសែន និងឧបករណ៍ព្យាបាលដោយប្រើអុកស៊ីសែន ព្រមទាំងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ក្នុងការថែទាំព្យាបាលជំងឺកូវីដ១៩ ។
លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ ADB បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា «ជំងឺរាតត្បាតកូវីដ១៩ កំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា និងគំរាមកំហែងកិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស ។ គម្រោងនេះនឹងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ ដើម្បីការពារ កំណត់មុខសញ្ញានិងឆ្លើយតបទៅនឹងកូវីដ១៩ ក៏ដូចជាការគំរាមកំហែងសុខភាពសាធារណៈផ្សេងៗ ដែលកំពុងកើតមាន កាត់បន្ថយផលប៉ះពាល់លើសុខភាពនិងសង្គម និង រួមចំណែកដោយប្រយោលក្នុងការកាត់បន្ថយភាពក្រីក្រ»៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត