ភ្នំពេញ ៖ កម្ពុជា ក្នុងនាមសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានចូលរួមក្នុងមហាព្រឹត្តិការណ៍ ពិភពលោកឌុយបៃ ២០២០  ដោយរៀបចំសាងសង់ពន្លាជាតិ  លើផ្ទៃដីទំហំ ៣៨៤.៥  ម៉ែត្រ  មានកម្ពស់ ២ជាន់។  យោងតាមគេហទំព័រហ្វេសប៊ុករបស់  ក្រសួងពាណិជ្ជកម្ម ។ ពន្លាជាតិកម្ពុជា ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណិតតាមរចនាបទខ្មែរ ដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នានូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ 

ថ្មីៗ  នៅទីក្រុងឌុយបៃ ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ព្រះអង្គម្ចាស់ ហ្សែគ មូហាម៉េត ប៊ីន រ៉ាស៊ីត អាល ម៉ាកតុម អនុប្រធានាធិបតី ជានាយករដ្ឋមន្រ្តី នៃសហភាព អារ៉ាប់រួម និងជាអ្នកគ្រប់គ្រងទីក្រុងឌុយបៃ ដោយមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន ១៩២ រួមទាំង ព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

សូមបញ្ជាក់ថា តាមកាលបរិច្ឆេទរបស់គណៈកម្មការរៀបចំពិព័រណ៍ ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ គ្រោងសម្ពោធនៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែត្រូវបានពន្យារពេល ១ ឆ្នាំ ដោយសាររងផលប៉ះពាល់នៃជំងឺកូវីដ-១៩។ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំទ្បើងនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្រិ្វកខាងជើង (MENA) មានរយៈ ៦ ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹង ១៨២ ថ្ងៃ។ ប្រធានបទនៃពិព័រណ៍នេះ គឺ៖ ភ្ជាប់ចិត្ត បង្កើតអនាគត (Connecting Minds, Creating the Future)  និងមានប្រធានបទរងចំនួន ៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព និរន្តរភាព។ តាមការរំពឹងទុក ពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវចូលទស្សនាចំនួន ២៥ លាននាក់ ក្នុងនោះ ៧០% ជាភ្ញៀវមកពីបរទេស ។

សូមរំលឹកថា គោលដៅចម្បងការរៀបចំតុបតែងពន្លាជាតិកម្ពុជា ឲ្យមានភាពទាក់ទាញ ដើម្បីកសាងនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរណ៍ បង្ហាញនូវសក្តានុពលជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការផ្សព្វផ្សាយនូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ