ភ្នំពេញ ៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបង្ហាញអារម្មណ៍លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ថា «មើលរូបភាពនេះហើយ អាណិតក្រុមគ្រូពេទ្យដល់ហើយ» បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួន បានទៅកន្លែងកម្សាន្ដ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានមនុស្សយ៉ាងច្រើនកុះករ។

លោកស្រី ពេជ ចន្ទមុន្នី លើកឡើងបែបនេះ ក្រោយហ្វេសប៊ុកមួយឈ្មោះ Son Sophy បានសរសេរថា «ព្រះអើយ មើលទៅភ្ជុំឆ្នាំនេះ គ្រោះក្នុងលាភ ឬលាភក្នុងគ្រោះ?។ សង្ឃឹមថា អ្វីគ្រប់យ៉ាងគឺចៀសផុតទាំងអស់គ្នាទៅចុះ! សូមឲ្យមានសំណាងល្អទាំងអស់គ្នា»។ស្រប់ពេលជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបើកឲ្យមានការជួបជុំធ្វើបុណ្យ និងធ្វើដំណើរកម្សាន្ត នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាមួយនឹងការអនុវត្តវិធានការសុខាភិបាលលើកនេះ គឺជាការសាកល្បងមួយដ៏ធំ រវាងមហន្តរាយ និងសុវត្ថិភាព ដើម្បីឈានទៅបើកប្រទេសឡើងវិញ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយ ឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ នៅក្នុងទីវត្តអារ៉ាមនានាទូទាំង ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យពលរដ្ឋយកចង្ហានទៅប្រគេនព្រះសង្ឃនៅខាងក្រៅវត្ត ហើយអនុញ្ញតឲ្យប្រជាពលរដ្ឋឈប់សម្រាករយៈពេល៣ថ្ងៃ ដើម្បីដើរកម្សាន្ត និងជួបជុំគ្រួសារ ជាមួយនឹងការអនុវត្តវិធានការសុខាភិបាល ជាដើម។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១៣,៩២៤នាក់, ក្នុងនោះ អ្នកជាសះស្បើយសរុបចំនួន១០៥,៧៩៣នាក់ និងអ្នកស្លាប់សរុបចំនួន២,៤៣១នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ