ភ្នំពេញ ៖ តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានឲ្យដឹងថា រយ:ពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្ត ចំនួន៦៦៤,៦៩៧ នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា នាថ្ងៃឈប់សម្រាកទី៣វិញ គ្រប់គោលដៅទេសចរណ៍ទាំង២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ ផងដែរ។ 

ក្រសួង បានបន្ដថា ទន្ទឹមនឹងនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ។ 

ក្រសួង បានបន្ថែមថា ភ្ញៀវទេសចរភាគច្រើន ជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅជាលក្ខណៈរង្វង់ខ្សែទស្សនកិច្ច។ ប្រជាពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ពិសេសការពាក់ម៉ាស់ស្ទើរគ្រប់ ១០០%។ ប៉ុន្តែការរក្សាគម្លាតនៅតែជាកត្តាចម្បងដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់អប់រំណែនាំ និងក្រើនរំលឹកបន្ថែមទៀត ពិសេសនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានការទាក់ទាញខ្លាំង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ