ក្តីសង្ឍឹមមានកាន់តែច្រើន ក្រុមហ៊ុន Merck ដាក់ពាក្យស្នើសុំទៅកាន់រដ្ឋាភិបាលអាមេរិក សម្រាប់ការប្រើប្រាស់ ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ ក្នុងករណីបន្ទាន់
(អាមេរិក)៖ ក្រុមហ៊ុនផលិតឱសថ Merck ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានដាក់លិខិតជាផ្លូវការមួយ ទៅកាន់អាជ្ញាធរអាមេរិកហើយ ដើម្បីស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ នូវថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ឈ្មោះ ម៉ុលនូភីរ៉ាវៀរ (molnupiravir) ដែលខ្លួនបានសហការផលិតជាមួយក្រុមហ៊ុន រីជប៊ែក (Ridgeback Biotherapeutics)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Merck ថ្នាំ molnupiravir ដែលត្រូវបានគេអះអាងថា មានប្រសិទ្ធភាពប្រឆាំងនឹង មេរោគបំប្លែងខ្លួន Delta និងមេរោគបំប្លែងខ្លួនផ្សេងៗទៀតនៃ COVID-19 នោះ គឺកំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលទី ៣ (ចុងក្រោយ) ដែលមានចំនួន ២ផ្នែកសំខាន់ៗនៅក្នុងនោះ។ប្រសិនបើរដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក អនុម័តឲ្យប្រើប្រាស់ molnupiravir មែននោះ វានឹងក្លាយជាថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ដំបូងគេបំផុត ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងករណីបន្ទាន់។
សូមរំលឹកថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Merck ក៏បានប្រកាសផងដែរ អំពីប្រសិទ្ធភាពនៃឱសថ molnupiravir ដោយវាអាចកាត់បន្ថយអត្រាហានិភ័យ ដល់ថ្នាក់ចូលសម្រាកមន្ទីរពេទ្យ ឬបាត់បង់ជីវិតបានរហូតដល់ទៅ ៥០% សម្រាប់អ្នកឆ្លងជំងឺ COVID-19 ដែលមានអការៈរោគកម្រិតស្រាល ទៅមធ្យម៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត