ព្រៃវែង ៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការស្រាល ក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម  ជា  សុមេធី  សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ,  ឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្របែក, ឯកឧត្តម ខៀវ សុភ័គ អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្របែក, ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំកន្សោមអក, ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធាន និងជាប្រធានក្រុមការងារគណបក្សប្រចាំភូមិទាំង០៩ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងពិធីសំណេះសំណាលនេះដែរ សម្តេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះការរីកចម្រើននៅក្នុងមូលដ្ឋានឃុំកន្សោមអក។ ជាមួយគ្នានេះ សម្ដេច បានសង្កេតឃើញថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ មានជីវភាពធូរធា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចក្រឡាហោម ក៏បានអំពានាវដល់ប្រជាពលរដ្ឋ សមាជិក-សមាជិកា ក្នុងមូលដ្ឋានឃុំកន្សោមអក ឱ្យចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ទាំងអស់គ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានសុខសន្ដិភាព និងភាពរីកចម្រើនបន្ដទៅមុនទៀត។

ជាទីបញ្ចប់ សម្ដេចក្រឡាហោម ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំចូលរួមចំណែកឱ្យដំណើរការបោះឆ្នោតឃុំ-សង្កាត់ ប្រព្រឹត្តិទៅដោយបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) នេះ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីជំហានលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស កាន់តែប្រសើរឡើង នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងក្នុងក្របខ័ណ្ឌឃុំកន្សោមអក មាន ៦គណបក្សនយោបាយ ចូលរួមប្រកួតប្រជែង ហើយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី១ នៃសន្លឹកឆ្នោត៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ