(វៀតណាម)៖ ចាប់ពី​ខែ​ធ្នូ​ទៅ​ប្រទេស​វៀតណាម ​គ្រោង​បើក​កន្លែង​ទេសចរ​សំខាន់​ៗ​ឡើងវិញ​ដល់​ភ្ញៀវទេសចរដែល​ចាក់​វ៉ាក់សាំង​រួច​មកពី​បណ្តា​ប្រទេស​ដែល​ចាត់ទុក​ថា មាន​ហានិភ័យ​ជំងឺ​កូវីដ១៩​តិច។ នេះ​បើ​តាមការ​ជូនដំណឹង​របស់រដ្ឋាភិបាល​វៀតណាម​កាលពី​ថ្ងៃ​ពុធ មុន​ពេល​ធ្វើ​ការបើក​ពេញលេញ​ដែល​ត្រូវ​បាន​កំណត់​នៅ​ខែមិថុនា ឆ្នាំ​ក្រោយ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters

 ដោយក្នុងនោះ ចាប់ពី​ខែ​ធ្នូ វៀតណាម ក៏​នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ដែល​ត្រូវ​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ទៅ​ទស្សនា​តំបន់ទេសចរ Halong Bay និង Hoi An ជា​កន្លែង​បេតិកភណ្ឌ​ពិភពលោក​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ UNESCO ទីក្រុង Dalat និង​ឆ្នេរសមុទ្រ Nha Trang។រដ្ឋាភិបាល​វៀតណាម បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «យើងនឹង​បើក​នៅពេល​ណា​មាន​សុវត្ថិភាព​ពិតប្រាកដ»

ទោះយ៉ាងណាប្រទេស​វៀតណាម បាន​រឹតបន្តឹង​ព្រំដែន​នៅ​ពេល​ចាប់ផ្តើម​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ការ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ដោយ​បាន​ទទួល​ជោគជ័យ​ខ្លះ​កាលពី​ដំបូង ក៏ប៉ុន្តែ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរ ដែល​មាន​ចំនួន​ប្រហែល​១០ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​វៀតណាម។ ​កាលពី​ខែ​មុន ​វៀតណាម​បាន​ប្រកាស​ថា ខ្លួន នឹង​បើក​ឡើង​វិញ​នូវ​កោះ​លំហែកាយ Phu Quoc សម្រាប់​ភ្ញៀវទេសចរដែល​ចាក់​វ៉ាក់សាំង​រួច​ ចាប់ពី​ខែ​វិច្ឆិកា​ទៅ។

ចំណាត់ការ​នេះ​ ធ្វើ​ឡើង​បន្ទាប់ពី​វិធានការ​ស្រដៀង​គ្នា​នេះ​ បាន​ធ្វើ​ឡើង​ដោយ​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ជិត​ខាង ​ហើយ​នឹង​ត្រូវ​ពង្រីក​ទៅកាន់​ទីកន្លែង​ផ្សេង​ទៀត​នៅ​ខែ​ក្រោយ​ដើម្បី​អនុញ្ញាតភ្ញៀវទេសចរដែល​ចាក់​វ៉ាក់សាំង​រួច​ ចូល​ក្នុង​ប្រទេស។ ចំនួន​ភ្ញៀវទេសចរ​បរទេសនៅ​ក្នុង​ប្រទេស​វៀតណាម បាន​ធ្លាក់ចុះ​ពី១៨​លាន​នាក់​កាលពី​ឆ្នាំ​២០១៩​ មក​នៅ​ចំនួន​៣លាន ​៨សែន​នាក់ ​កាលពី​ឆ្នាំ​ទៅ នៅពេល​ដែល​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរមាន​ចំនួន៣១ពាន់​លាន​ដុល្លារ​ដែល​ស្មើ​នឹង ១២​ភាគរយនៃ GDP។​

ប្រទេស​វៀតណាម កំពុង​ព្យាយាម​បង្កើន​ការចាក់វ៉ាក់សាំង​កូវីដ១៩។ មកទល់នឹង​ពេលនេះ​ មនុស្ស​១៣ភាគរយ​ក្នុង​ចំណោម​មនុស្ស​៩៨​លាន​នាក់​របស់​វៀតណាម បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ដែល​ជា​អត្រា​ទាប​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី៕PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ