ភ្នំពេញ  ៖  នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១  ម្ចាស់កម្មវិធីទូស័ព្ទឆ្លាតវៃផ្តោតលើការអប់រំ វន្តសាលា (OneSala App) ដែលថ្នាល់សិក្សាតាមប្រព័ន្ធឌីជីថល និងមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស (Global Pathways Education Center) ដែលហៅកាត់ថា GPEC បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការផលិតខ្សែវីដេអូអប់រំលើមុខជំនាញភាសាអង់គ្លេស។ស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នានេះ សាលា GPEC ទទួលបានសិទ្ធិក្នុងការផលិតខ្សែវីដេអូអប់រំប្រកបដោយគុណភាពខ្ពស់ទាក់ទងនឹងជំនាញភាសាអង់គ្លេសនានា ដែលមានលក្ខណៈឆ្លុះបញ្ចាំងអំពី និងមានសង្គតិភាព នឹងតម្រូវការទីផ្សារកម្ពុជាជាក់ស្តែង។

 ពិធីចុះអនុស្សរណៈយោគយល់គ្នា មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក គឹមសិរីវុឌ្ឍ ដែលជាអគ្គនាយកប្រតិបត្តិនៃកម្មវិធីទូស័ព្ទឆ្លាតវៃផ្តោតលើការអប់រំ វន្តសាលា (OneSala App) និងលោក តាំង គីមហុក ជាអគ្គនាយកសាលា GPEC អមដោយសមាជិកក្រុមប្រឹក្សាភិបាលរបស់សាលាផងដែរ។គូសបញ្ជាក់ថា ក្រោយអនុស្សរណៈ យោគយល់នេះចូលជាធរមាន សាលា GPEC ជាជំហានដំបូងបង្អស់ នឹងផលិតខ្សែវីដេអូហ្វឹកហ្វឺនភាសាអង់គ្លេសជាសេរី លើជំនាញវេយ្យាករណ៍ (Grammar) វាក្យស័ព្ទ (Vocabulary) និងអំណាន (Reading) ដែលជាទម្រង់តេស្តអន្តរជាតិ TOEFL និង IELTS ដ៏ពេញនិយម សម្រាប់បញ្ចូលទៅក្នុង OneSala App។ នាដំណាក់កាលបន្ទាប់ សាលា GPEC នឹងបន្តផលិតខ្សែវីដេអូអប់រំលើមុខវិជ្ជាផ្សេងៗជាច្រើនដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។

 នាឱកាសនោះផងដែរ ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរយោបល់ និងទស្សនៈលើប្រធានបទចម្បងៗមួយចំនួនដែលទាក់ទងនឹងការអប់រំភាសាអង់គ្លេសនៅកម្ពុជា ដែលរួមមានជាអាទិ៍ និន្នាការបង្រៀនភាសាអង់គ្លេសតាមរបៀបថ្មីដ៏សម្បួរបែប ស្ថានភាពតម្រូវការចំណេះដឹងភាសាអង់គ្លេសសម្រាប់ជាទុនក្នុងការប្រឡងចូល និងរៀនតាមសាកលវិទ្យាល័យមានកិត្តិនាមខ្ពស់នៅកម្ពុជា និងតួនាទីដ៏សំខាន់នៃភាសាអង់គ្លេសក្នុងឋានៈជាលក្ខខណ្ឌបុរេវិនិច្ឆ័យមួយដើម្បីមានសិទ្ធិដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅក្រៅប្រទេស។

 ភាគីទាំងពីរ បានសំដែងឆន្ទៈយ៉ាងមោះមុតក្នុងការបន្តសហការយ៉ាងស្អិតរមួត ដើម្បីពិនិត្យលទ្ធភាពពង្រីកវិសាលនៃកិច្ចសហប្រតិបត្តិការស្តីពីការបង្កើតថ្នាក់ហ្វឹកហ្វឺនភាសាអង់គ្លេសជាបន្តបន្ទាប់ទៀត ហើយនិងអភិវឌ្ឍកម្មវិធីទូរស័ព្ទឆ្លាតវៃផ្តោតលើការអប់រំ វន្តសាលា (OneSala App) ឱ្យកាន់តែមានសភាពទំនើប ទូលំទូលាយ និងងាយស្រួលប្រើប្រាស់។

គួរបញ្ជាក់ថា កម្មវិធីសិក្សាដែលសាលា GPEC គ្រោងនឹងដាក់បញ្ចូលក្នុងថ្នាល់របស់ OneSala App នេះ គឺមានគោលដៅចម្បងបង្កលក្ខណៈងាយស្រួល និងទាន់រហ័សដល់សិស្សានុសិស្ស និងបុគ្គលិកកំពុងបម្រើការក្នុងស្ថាប័ននានា ក្នុងការមានឱកាសបំប៉នជំនាញភាសាអង់គ្លេស និងជំនាញទន់របស់ពួកគេ ជាមួយ GPEC។

ជាចក្ខុវិស័យនាពេលអនាគត សាលា GPEC និងសហការជាមួយ OneSala App ដើម្បីស្វែងរកវិធីសាស្ត្រច្នៃប្រឌិត និងតាមទាន់គន្លងទំនើបកម្មបច្ចេកវិទ្យានានា ក្នុងការបញ្ចូលបន្ថែមវីដេអូស្តីពីវគ្គសិក្សាលើជំនាញទន់ (Practical Soft Skills) ទាំងជាភាសាខ្មែរ និងអង់គ្លេស ទៅក្នុងថ្នាល់សិក្សារបស់ OneSala App ។ ការសហការណ៍នេះ នឹងផ្តល់សេរីភាពក្នុងការកំណត់សណ្ឋាន ទីតាំង កាលៈទេសៈ និងល្បឿននៃការសិក្សាជំនាញទន់នេះទាំងស្រុង ដល់សិស្សានុសិស្ស ជាពិសេសបុគ្គលិកនយោជិត ឬនយោជកទាំងក្នុងស្ថាប័នសាធារណៈ និងឯកជន។

 ជាងនេះទៅទៀត  សម្រាប់សិស្សានុសិស្ស និងបុគ្គលិកតាមស្ថាប័ននានា ដែលមានបំណងចង់រៀនភាសាអង់គ្លេស និងហ្វឹកហ្វឺនជំនាញទន់របស់ខ្លួនបន្ថែម អាចចាប់ផ្តើមសិក្សាជាមួយ GPEC ដោយគ្រាន់តែទាញយកកម្មវិធី OneSala App តាមរយៈ AppStore និង PlayStore ឬ គេហទំព័រ www.onelink.to/onesala រួចហើយលោកអ្នកនឹងអាចរៀនភាសាអង់គ្លេស និងជំនាញទន់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ