ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានដោះលែងអនីតិជនម្នាក់ ដោយរងបទចោទថា ប្រព្រឹត្តបទល្មើសឆក់តាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួន កាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានថ្លែងថា ពិតជាមិនធម្មតាមែន មេធាវីស្ម័គ្រចិត្តនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការងារដោយស្ម័គ្រចិត្ត មិនយកកំរៃ តែប្រសិទ្ធភាពខ្ពស់។

លោក បានបន្ដថា ក្រោមការដឹកនាំ និងដោយមានការ យកចិត្តទុកដាក់ខ្ពស់ពីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ មន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមមេធាវីស្ម័គ្រចិត្ត នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះធ្វើការស៊ើបអង្កេតស្វែងរកការពិត និងស្ម័គ្រចិត្តការពារក្តីជូនជនជាប់ចោទ ជាអនីតិជន រងបទចោទថា បានប្រព្រឹត្តបទល្មើសឆក់តាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងត្រូវបានតុលាការសម្រេចឃុំខ្លួន កាលពីថ្ងៃទី៩ មិនា រហូតដល់បច្ចុប្បន្ន។

លោក បានបញ្ជាក់ថា «ជាលទ្ធផល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជាសាធារណៈជំនុំជម្រះលើជនជាប់ចោទជាអនីតិជនរូបនេះ និងបានប្រកាសសាលក្រម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយសម្រេចឲ្យរួចផុតបទចោទពីបទលួចមានស្ថានទម្ងន់ ដោយតុលាការរកឃើញថា ជនជាប់ចោទមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ»។

លោក បានបន្ថែមថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបន្តការសម្របសម្រួលជាមួយស្ថាប័នតុលាការ និងពន្ធនាគារក្នុងការដោះលែងជនជាប់ចោទនេះ ក្រោយពេលបំពេញកិច្ចនីតិវិធីបានចប់សព្វគ្រប់ និងបញ្ជូនអនីតិជនខាងលើនេះឲ្យទៅក្រុមគ្រួសារ ដើម្បីបានទទួលការបីបាច់ថែរក្សា និងការអប់រំរៀនសូត្របន្ត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ