(អាមេរិក)៖ប្រទេស​២ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​និង​ដែលបញ្ចេញ​កាបោន​ដ៏​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក បាន​ប្រកាស​ការប្រយុទ្ធ​ប្រឆាំង​ដាច់​ដោយឡែក​ពី​គ្នា​អំពី​ការប្រែប្រួល​អាកាសធាតុ​កាលពី​ថ្ងៃ​អង្គារ។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​ថា ប្រទេស​របស់​លោក នឹង​លែង​ផ្តល់​ថវិកា​ដល់​រោងចក្រ​ដែល​ប្រើ​ដោយ​ធ្យូង​ថ្ម​នៅ​ឯ​បរទេស​ទៀត​ហើយ ​ដែល​ការណ៍នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ពិភពលោក​អំពី​អាកាសធាតុ​សម្រាប់​ឆ្នាំ​ទី២ជាប់ៗ​គ្នា​នៅឯមហា​សន្និបាត​អង្គការ​សហប្រជាជាតិ។ ការប្រកាស​នេះ​ បាន​កើត​មាន​ឡើង​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​ផែនការ​មួយ​បង្កើន​ទ្វេ​ដង​នូវ​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ក្រីក្រ​ ដែល​មាន​ទឹក​ប្រាក់​ដល់ចំនួន ១១ពាន់ ៤រយ លាន​ដុល្លារ​ នៅ​ត្រឹម​ឆ្នាំ​២០២៤ខាង​មុខ​ ដើម្បីឲ្យ​ប្រទេស​ទាំង​នោះ អាច​ងាក​ទៅ​ប្រើប្រាស់​ថាមពល​ដែលមាន​ភាពប្រសើរ​ជាង​មុន​ ​និង​ដោះស្រាយ​ផល​ប៉ះពាល់​កាន់តែ​អាក្រក់​ឡើង​នៃ​ការឡើង​កំដៅ​នៅ​លើ​សាកល​លោក។

ការប្រកាស​នេះ ​បាន​ដាក់​ពួក​ប្រទេស​អ្នក​មាន​ឲ្យ​ខិត​កាន់តែ​ជិត​ទៅ​នឹង​ការសន្យា​ជាយូរយា​ណាស់​មក​ហើយ​របស់​ខ្លួន ក៏ប៉ុន្តែ មិន​ទាន់​បាន​ដល់​គោលដៅ​ចំនួន១រយ ​ពាន់ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង​ការជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​អំពី​អាកាសធាតុ​នោះ​ទេ។

លោក Xinyun Ma ជា​អ្នក​ជំនាញ​ថាមពល​នៅ​មជ្ឈមណ្ឌល​គោលនយោបាយ​អភិវឌ្ឍន៍​សាកល​នៃ​សាកល​វិទ្យាល័យ Boston សហរដ្ឋ​អាមេរិក បាន​និយាយ​ថា «នេះ​ជា​ព្រឹត្តការណ៍​ដ៏​អស្ចារ្ស​មួយ»។ពួក​អ្នក​ជំនាញ​និយាយ​ថា ការប្រកាស​នេះ អាច​ផ្តល់​នូវ​សន្ទុះ​ខ្លះ​នៅ​ក្នុង​ការចរចា​អាកាសធាតុ​ដ៏​សំខាន់​នៅ​ក្នុង​ទីក្រុង Glasgow រដ្ឋ Scotland ដែល​នៅ​សល់​មិន​ដល់​៦សប្តាហ៍​ទៀត។ ការឆ្ពោះ​ទៅកាន់​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ឆ្នាំ២០១៥ ជា​កិច្ចព្រមព្រៀង​រួម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន បាន​ចាប់ផ្តើម​ការចរចារ​ទទួល​ជោគជ័យ។ នៅពេល​នេះ ទំនាក់​ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក មាន​ភាព​គ្រោះថ្នាក់ ប្រទេស​ទាំង​២ បាន​ប្រកាស​ផែនការ​ដាច់​ដោយ​ឡែក​ពីគ្នា។

នាយករដ្ឋ​មន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson ដែល​នឹង​ធ្វើ​ជាម្ចាស់ផ្ទះ​សម្រាប់​ការចរចា​អាកាសធាតុ​នៅ​ពេល​ខាង​មុខ​ បាន​ប្រាប់​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ស្រី Kamala Harris ថា «ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​ល្អ​ពិតប្រាកដ​សម្រាប់​ពិភពលោក»

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ដែល​បាន​ជំរុញ​យ៉ាង​ខ្លាំង​នៅ​សប្តាហ៍​នេះ​ឲ្យ​មាន​ការខំប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ បាន​ហៅ​ការប្រកាស​ទាំង​២នេះ​ ជា​ដំណឹង​ស្វាគមន៍​មួយ ក៏ប៉ុន្តែ លោក​បាន​និយាយ​ថា «យើង នៅ​មាន​ដំណើរ​វែង​ឆ្ងាយ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ជំនួប​នៅទីក្រុង Glosgow បាន​ទទួល​ជោគជ័យ» នោះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ