នៅលើទឹកសោះ ហេតុអ្វីពិបាកពន្លត់យ៉ាងនេះ? ១សប្តាហ៍ទៅហើយ កប៉ាល់ដឹកកុងតឺន័រយក្សមួយគ្រឿងបានឆាបឆេះនៅសមុទ្រស្រីលង្ការមិនទាន់រលត់នៅឡើយ
(បរទេស)៖តើកប៉ាលដឹកកុងតឺន័រនេះផ្ទុកសារធាតុអ្វីឱ្យប្រាកដ បានជាត្រូវចំណាយពេលយូរថ្ងៃដើម្បីពន្លត់ ?គិតត្រឹមថ្ងៃសុក្រនេះ គឺមានរយៈពេល១សប្តាហ៍ទៅហើយ ដែលកប៉ាល់ដឹកកុងតឺន័រមួយគ្រឿងបានឆាបឆេះយ៉ាងខ្លាំងនៅសមុទ្រស្រីលង្ការ ហើយមិនទាន់ត្រូវបានរលត់។ បើតាមCNA កាលពីថ្ងៃទី២៧ ឧសភា ម្សិលមិញនេះប្រមុខកងទ័ពជើងទឹកប្រទេសស្រីលង្ការបាននិយាយថា កិច្ចប្រឹងប្រែងពន្លត់អគ្គីភ័យដ៏ធំកណ្តាលសមុទ្រនេះ ទំនងជានឹងត្រូវចំណាយពេលច្រើនបន្ថែមទៀត។
កាលពីថ្ងៃទី២១ ឧសភា កន្លងទៅ កប៉ាលដឹកកុងតឺន័រមួយគ្រឿងនេះ បានចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងឆ្នេរសមុទ្រស្រីលង្កា ក្រោយពីបានបោះយុថ្ការង់ចាំចូលផែ ដែលមានចម្ងាយប្រមាណ១៨គីឡូម៉ែត្រពីផែកូឡុំបូ។ នាវាសង្គ្រោះ ៥ គ្រឿងរបស់កងទ័ពជើងទឹកស្រីលង្កា រួមទាំងមានការចូលរួមពីកងទ័ពអាកាសថែមទៀតនេះ បានព្យាយាមជួយសង្គ្រោះយកមនុស្សនៅលើកប៉ាលចេញ និងពន្លត់កប៉ាល។ ក្តីរំពឹងដែលថា អាចពន្លត់កប៉ាលដឹកកុងតឺន័របានឆាប់រហ័សនិងងាយស្រួលនោះ បែរជាមិនអាចធ្វើបាននៅពេលដែលគេដឹងថា នៅលើកប៉ាលនោះ មានផ្ទុកប្រេង និងសារធាតុគីមីជាច្រើនប្រភេទ។
តើសារធាតុគីមីទាំងនោះមានអ្វីខ្លះ ហើយហេតុអ្វីពិបាករលត់យ៉ាងនេះ?ខណៈកប៉ាល់នេះនៅលើផ្ទៃទឹកទៅហើយ?
សារព័ត៌មានAP បានរាយការណ៍ថា កងទ័ពជើងទឹកស្រីលង្កា ជឿជាក់ថាអគ្គិភ័យនេះអាចបណ្តាលមកពីសារធាតុគីមីមួយចំនួនដែលផ្ទុកនៅក្នុងនាវាមានរូបទង់ជាតិសិង្ហបុរី បានផ្ទុកនៅក្នុងកុងទ័រន័រចំនួន ១,៤៨៦ទូ។ នៅក្នុងចំណោមសារធាតុគីមីគ្រោះថ្នាក់ទាំងនោះក៏រួមមានអាស៊ីតនីទ្រីកមានរហូតទៅដល់ ២៥ តោន សារធាតុគីមីទាំងអស់នេះត្រូវបានគេប្រទះឃើញថា បានផ្ទុកនៅក្នុងប្រទេសឥណ្ឌានៅកំពង់ផែ Hazira តាំងពីថ្ងៃទី ១៥ ខែឧសភា ។សារធាតុគីមីដែលមានទាំងអាស៊ីតនីទ្រីក រួមទាំងសារធាតុគីមីផ្សេងៗទៀត កំពុងមានប្រតិកម្មយ៉ាងខ្លាំង ស្របពេលដែលអគ្គីភ័យកំពុងបន្តឆាបឆេះ ជាហេតុធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងពន្លត់អណ្តាតភ្លើងនៅលើកប៉ាលមានការលំបាកខ្លាំង និងត្រូវបានពេលយូរដើម្បីរំលត់ ។ ក្រៅពីនោះ កងទ័ពអាកាសនិងកងទ័ពជើងទឹកស្រីលង្កាបានរាយការណ៍ថា មានការកំពប់ប្រេងចេញពីនាវាផងដែរ។
កុងតឺន័រជាច្រើនត្រូវបានធ្លាក់ចូលទៅក្នុងសមុទ្រ ដែលបង្កជាក្តីបារម្ភថា អាចប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង។អាជ្ញាធរស្រីលង្កាបាននឹងកំពុងធ្វើការងារយ៉ាងសកម្មដើម្បីវាយតម្លៃពីបញ្ហានេះ ។ រហូតមកដល់ថ្ងៃទី២៨ ឧសភា ឆ្នាំ២០២១ ពុំទាន់មានរបាយការណ៍ជាក់លាក់ណាមួយអំពីទំហំទឹកប្រាក់នៃការខូចខាតនោះទេ ។ ប្រធានាធិបតីស្រីលង្ការ បញ្ជាឱ្យកងកម្លាំងសន្តិសុខនិងអង្គការបរិស្ថានបើកប្រតិបត្តិការ ដើម្បីកាត់បន្ថយការខូចខាតដល់បរិស្ថានសមុទ្រនិងឆ្នេរសមុទ្រ។
ដោយឡែកក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថាកងនាវាចររបស់ប្រទេសស្រីលង្កាបានដាក់ពង្រាយកងសន្តិសុខពិសេសនៅតាមបណ្តោយឆ្នេរខាងលិចនិងពាយព្យខណៈដែលកំទេចកំទីចេញពីនាវាកំពុងត្រូវបានបោកបក់ទៅនៅឆ្នេរសមុទ្រមួយចំនួន៕