បរទេស៖ សហភាពអឺរ៉ុប កំពុងស្វះស្វែងដាក់បម្រាមការនាំចូលផលិតផលនានា ដែលធ្វើឡើងដោយពលកម្មបង្ខំ ដែលជាកាយវិការមួយ ត្រូវ បានគេមើលឃើញថាសំដៅទៅលើប្រទេសចិន ដែលបានធ្វើទុក្ខបុកម្នេញដល់ក្រុមជនជាតិភាគតិច អ៊ុយហ្គ័រ នៅក្នុងប្រទេសនេះ។ នេះបើ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ AFP។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថា ប្រចាំឆ្នាំមួយរបស់ប្រធានគណៈកម្មការ សហភាពអឺរ៉ុប លោកស្រី Ursula vonder Leyen ដែលបានថ្លែងទៅកាន់សភា សហភាពអឺរ៉ុបដែលបានផ្តល់សញ្ញាពីការបង្ហាញនូវជំហរដ៏តឹងរឹងមួយរបស់សភាពអឺរ៉ុបចំពោះ ចិន។
ជាងនេះទៅទៀត លោកស្រី von der Leyenបានអំពាវនាវដល់ ប្រធានាធិបតី ចិន លោក Xi Jinpingឲ្យបង្ហាញនូវភាពដឹកនាំរបស់លោក ដោយដាក់ចេញនូវចំណុចលម្អិតអំពីរបៀបដែលប្រទេសរបស់លោកជាប្រទេស បញ្ចេញឧស្ម័ន្ធផ្ទះកញ្ចក់ដ៏ធំបំផុតក្នុងពិភពលោក នោះមាន គម្រោង ផែនការយ៉ាងដូចម្តេច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ COP26 នៅដើមខែវិច្ឆិកា ខាងមុខនេះ។
លោកស្រីក៏ បាន គូសបញ្ជាក់ពី ផែនការរបស់សហភាពអឺរ៉ុប ក្នុងការបង្កើតនូវការតភ្ជាប់ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនទៅ កាន់ ផ្នែកជាច្រើននៅជុំវិញពិភពលោកដែលរួមមាន តំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក ដែលចិនកំពុងមានឥទ្ធិពល ដើម្បីប្រកួតប្រជែងជាមួយកម្មវិធីផ្តួចផ្តើម ពាណិជ្ជកម្ម «វិថី និង ខ្សែក្រវាត់»របស់ រដ្ឋាភិបាល ក្រុងប៉េកាំង។
ទោះបីជា លោកស្រីvon der Leyenមិនបាន លើកឡើងចំឈ្មោះ ប្រទេសនោះក្តី តែការចោទប្រកាន់ថា ចិន កំពុងប្រើ ប្រាស់ជនជាតិភាគតិចអ៊ុយហ្គ័រ ដោយបង្ខំនៅ កនុង តំបន់ស៊ីងជាំង ដើម្បីផលិតទំនិញ និង របស់របរសម្រាប់ការនាំចេញនោះបានក្លាយជាបញ្ហា ដ៏ចម្បងនៅ ក្នុងទំនាក់ទំនង រវាងចិន និងសហភាពអឺរ៉ុប។
លោក ស្រី von der Leyen ដែលមានដើមកំណើតអាល្លឺម៉ង់ និងពួកសកម្មជន សិទ្ធិមនុស្ស នៅខែនេះបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្រឆាំងនឹង ក្រុមហ៊ុនលក់ទំនិញរាយចំនួន៥ រួមមាន ក្រុមហ៊ុន Hugo Boss និង C&A ដោយ បានចោទប្រកាន់ពួកគេថា បានទទួលអត្ថប្រយោជន៍ពីការរំលោភធ្វើបាបរបស់រដ្ឋចិនលើ ជនជាតិ ភាគតិច អ៊ុយហ្គ័រ៕