មន្ត្រីជំនាញរកឃើញ បង្គាចាក់ចាហួយជិត ២០០គីឡូក្រាមដាក់លក់នៅម្តុំត្រឡោកបែក ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន
ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ ស្តង់លក់ផលិតផលសមុទ្រស្រស់ នៅម្តុំត្រឡោកបែក ដើម្បីយកគំរូមកវិភាគរកវត្តមានសារធាតុ គីមីហាមឃាត់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ជាលទ្ធផលរកឃើញ បង្គាចាក់ចាហួយ ១៨០គីឡូក្រាម ។
ការចុះត្រួតពិនិត្យនេះក្នុងគោលបំណងដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងឈានចូល មកដល់នៅថ្ងៃខាងមុខ ។ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំមន្រ្តីក្រោមឱវាទ ឱ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យបណ្តា ទីផ្សារនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការចរាចរទំនិញ មិនមានអនុលោមភាព ពិសេសម្ហូបអាហារ។
សូមបញ្ជាក់ថា សារធាតុ CMC (ចាហួយ) ជាសារធាតុដែលឈ្មួញ ខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូល ក្នុងផលិតផលបង្គាស្រស់ ដើម្បីបង្កើនទំងន់ ក្នុងគោលបំណងកឹបកេងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ៕