ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពិនិត្យចំពោះការផ្សព្វផ្សាយ និងការលក់ថ្នាំសម្រើបយ៉ាងអនាធិបតេយ្យតាមប្រព័ន្ធអនឡាញ ខណៈប្រជាពលរដ្ឋ ក៏បានបង្ហាញក្ដី ព្រួយបារម្ភចំពោះការលក់ថ្នាំសម្រើបយ៉ាងព្រោងព្រាតនេះដែរ។ ប្រជាពលរដ្ឋ បានស្នើសុំក្រសួងស្ថាប័ន ពាក់ព័ន្ធជួយចាត់វិធានការច្បាប់ជាធរមាន  ដោយមិនគួរឲ្យមានលក់នៅលើទីផ្សារអនឡាញព្រោងព្រាត បែបនេះទេ ។  

ការស្នើបែបនេះរបស់លោក ខៀវ កាញារីទ្ធ បន្ទាប់ពីមានពលរដ្ឋម្នាក់បានផ្ញើសារទៅលោកបង្ហាញការព្រួយបារម្ភចំពោះការអនុញ្ញាឲមានលក់ថ្នាំសម្រើបនៅក្នុងសង្គមកម្ពុជា ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ លើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោកថា « សារដែលខ្ញុំទទួលបានពីបុរសជាឪពុកម្នាក់ ខ្ញុំមិនដឹងថាមានពិតឬអត់ទេ តែបើមានគួរតែពិនិត្យដែរ»។

ពាក់ព័ន្ធលើបញ្ហានេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ក្រសួងសុខាភិបាលមិនដែលអនុញ្ញាតឲមានការផ្សព្វផ្សាយ និងដាក់លក់នូវផលិតផលជំនួយផ្លូវភេទ ជាពិសេសថ្នាំសម្រើបនេះជាសាធារណៈនោះទេ ។ លោកស្រី ថា ការផ្សព្វផ្សាយផលិតផលជំនួយផ្លូវភេទ ឬថ្នាំសម្រើបនេះ មិនត្រឹមត្រូវតាមច្បាប់ឡើយ ខណៈលោកស្រី ក៏ជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះការផ្សព្វផ្សាយ និងផលិតផលទាំងអស់នេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ