សង្ឃ ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ខេត្តពោធិ៍សាត់ ពុលឱសថបុរាណ ដែលបានមកពីសង្ឃនិមន្តមកពីវត្តពោធិ៍វិន័យស្រះខាងកើត ខេត្តបន្ទាយមានជ័យ
(ខេត្តពោធិ៍សាត់)៖ សង្ឃ ៣អង្គ បានពុលឱសថ បុរាណ បន្តបន្ទាប់គ្នា ក្រោយពីបានឆាន់ឱសថបុរាណនោះ ពីសង្ឃមួយអង្គគង់ នៅវត្តពោធិ៍វិន័យស្រះខាងកើត ដែលនិមន្តមកបុណ្យផ្កា នៅវត្តបាក់ចិញ្ចៀន។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ម្សិលម៉ិញ នៅចំណុចវត្តបាក់ចិញ្ចៀន ស្ថិតក្នុងភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
គណៈកម្មការអាចារ្យវត្តបាក់ចិញ្ចៀន បានឱ្យដឹងថា នៅមុនពេលកើតហេតុ មាន សង្ឃមួយអង្គ ព្រះនាម សាន់ សារិទ្ធ ព្រះជន្ម ៦០ឆ្នាំ គង់នៅវត្ត ពោធិ៍វិន័យស្រះខាងកើត ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននិមន្តមកបុណ្យផ្កានៅវត្តបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ដោយឃើញលោកគ្រូចៅ អធិការវត្តបាក់ចិញ្ចៀន ព្រះនាម អៀម ឃន ព្រះជន្ម ៧៨ឆ្នាំ រូបរាងស្គមស្គាំង ព្រះអង្គ សាន់ សារិទ្ធ ក៏បានឱ្យឱសថបុរាណ ទៅលោកគ្រូចៅអធិការវត្តបាក់ចិញ្ចៀននោះឆាន់។
សេចក្តីរាយការណ៍បន្តថា ក្រោយឆាន់រួច ក៏មានព្រះសង្ឃ២អង្គទៀត ១អង្គនាម កេត សារឿន ព្រះជន្ម ៧៥ឆ្នាំ និង១អង្គទៀតព្រះនាម ប៊ូ ទុំ ព្រះជន្ម ៤៧ឆ្នាំ ក៏បានឆាន់ឱសថបុរាណនោះបន្តបន្ទាប់ដែរ។ ក្រោយពីឆាន់ឱសថបុរាណនេះហើយ ក៏មានអាការៈមិនស្រួលខ្លួន រួចបានបញ្ជូនសង្ឃ ទាំង៣អង្គ ទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់តែម្តង។
ចំណែកសង្ឃព្រះនាម សាន់ សារិទ្ធ សមត្ថកិច្ចយើងឱ្យគង់នៅវត្តបាក់ចិញ្ចៀនសិន រង់ចាំធ្វើការពិសោធន៍ឱសថបុរាណនោះ ៕