(អាមេរិក)៖អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama កាល​ពីថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ បាន​ស្នើ​ឲ្យ​ប្រទេស​ទាំង​អស់​ត្រូវ​ប្រកាន់ជំហរ​រឹង​មាំ​ប្រឆាំង​របប​យោធាក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដោយសម្តែង​នូវ​សាមគី្គភាពជាមួយ​អ្នក​តវ៉ាដើម្បី​លទ្ធិប្រជាធិបតេយ្យ​ និង​បាន​ព្រមាន​ថា​ប្រទេស​នេះ​អាច​ក្លាយ​ជា​ ​«រដ្ឋ​បរាជ័យ» មួយ។​ នេះ​បើ​យោង​តាមទីភ្នាក់ងារ​ព័ត៌មាន AFP

លោក​ Obama លើក​ឡើង​ថា៖ «​ពិភពលោក​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​ខ្ញុំ​មាន​ការ​រន្ធត់​ចិត្ត​ជា​ខ្លាំង ចំពោះ​អំពើ​ហិង្សា​ដែល​កើត​មានទៅ​លើ​ជន​ស៊ីវិល​ ហើយ​ខ្ញុំ​មាន​ការ​ជំរុញទឹក​ចិត្ត​ដោយ​ចលនា​ប្រឆាំងនៅ​ទូទាំង​ប្រទេស ដែល​តំណាង​នូវ​សំឡេង​របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា»​ នោះ។​ លោក Obama ធ្លាប់​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​មួយ​ទសវត្សរ៍​មុន​ ដើម្បី​គាំទ្រ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី​របស់​ប្រទេស​នេះ។​

លោក Obama បាន​បន្ថែម​ទៀត​ថា៖​ «កិច្ច​ប្រឹងប្រែង​ដ៏​ខុស​ច្បាប់​និង​ឃោរឃៅ​របស់​កង​យោធា​មីយ៉ាន់ម៉ា​ ដើម្បី​ដាក់​អំណាច​ខ្លួន​ទៅ​លើ​ពលរដ្ឋ​ បន្ទាប់​ពីពួក​គេធ្លាប់​មានសេរីភាពជា​ច្រើនអស់​រយៈពេល​មួយ​ទសវត្សរ៍​ហើយ​នោះ​ ​ច្បាស់ណាស់នឹងមិន​អាច​ទទួល​យក​បាន​ដោយ​ប្រជា​ពលរដ្ឋ​ទេ​ ហើយ​មិន​គួរត្រូវ​ទទួល​យកដោយ​ពិភព​លោក​នោះ​ដែរ»

អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ដែល​កម្រ​បញ្ចេញ​មតិ​ចំពោះ​បញ្ហា​អន្តរជាតិ​នានា​នោះ​ ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់សហរដ្ឋ​អាមេរិក​ ក្រោម​ការ​ដឹក​នាំរបស់​ប្រធានាធិបតី​ Joe Bidenនិង​ប្រទេសដទៃ​ទៀត​ ក្នុង​ការ​ដាក់សម្ពាធទៅ​លើរបប​យោធា​មីយ៉ាន់ម៉ា​ឱ្យ​ស្តារ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នេះ​ឡើង​វិញ​៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ