(ជប៉ុន)៖ នៅទីបំផុតលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ត្រូវសភាជប៉ុន បោះឆ្នោតគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីហើយ បន្ទាប់ពីការប្រកាសលាលែងចេញពីតំណែងជាផ្លូវការ របស់លោក អាបេ ស៊ីនហ្សូ កាលពីប៉ុន្មានម៉ោងមុននេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន ជប៉ុនNHK។ លោក Suga Yoshihide ត្រូវបានសភាតំណាងរាស្ត្រជប៉ុន (សភាជាន់ទាប) បោះឆ្នោតគាំទ្រ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកត្រូវបានគណបក្សកាន់អំណាច (LDP) ដែលមានសំឡេងភាគច្រើនស្រាប់ក្នុងសភានោះ បោះឆ្នោតគាំទ្រឲ្យឡើងជាប្រធានថ្មីរបស់គណបក្សនេះ ហើយជាទម្លាប់ប្រធានគណបក្សកាន់អំណាច តែងតែត្រូវបានជ្រើសតាំង ឲ្យធ្វើជានាយករដ្ឋមន្ត្រី។គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធនេះ លោក អាបេ ស៊ីនហ្សូ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រី យូរឆ្នាំ បំផុតនៅក្នុងប្រវត្តិសាស្ត្រ បានប្រកាសលាលែងចេញពីតំណែង និងរំលាយគណៈរដ្ឋមន្ត្រីជាផ្លូវការ ដើម្បីត្រួសត្រាយផ្លូវឲ្យលោក Suga Yoshihide ទទួលការបោះឆ្នោតគាំទ្រពីសភា ក្នុងតំណែងជានាយករដ្ឋមន្ត្រីថ្មី និងរៀបចំបង្កើតរដ្ឋាភិបាលឡើងវិញ។ លោក Suga ត្រូវបានគ្រប់គ្នាដឹងថា ជាមនុស្សជំនិត និងអាចដើរតាមគន្លងនយោបាយសេដ្ឋកិច្ច និងការទូតរបស់លោក អាបេ ទៅមុខទៀត៕PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ