សម្ដេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិមរតកតេជោ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជើញជាពិធីក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ភាគីចិន។
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបែងចែកការសាងសង់ជា ៣ដំណាក់កាល ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ និងសាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា ក្រោមគម្រោងចំណាយប្រមាណ ២០០លានដុល្លារ។
ឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ក៏មានវត្តមាននៅទីនោះដែរ។ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី ក៏អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ។
ពហុកីឡាដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលរាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃពិធីបើក នាថ្ងៃទី៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី១ ខែមិថុនា និងបិទនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល។
សូមបញ្ជាក់ថា វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមមាន ៖ មជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និងអគារស្នាក់នៅរបស់អត្តពលិក ហើយដំណាក់កាលទី១ នេះ ត្រូវបានសាងសង់រួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១៧ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ដដែល៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ