ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ឬក្រសួងពាក់ព័ន្ធវិស័យពិការភាព មិនទាន់មានច្បាប់អនុញ្ញាតឲ្យប្រើស្លាកលេខរថយន្ត «ជនមានពិការភាព»។

ការលើកឡើងរបស់ ក្រុមប្រឹក្សាសកម្មភាពជនពិការ បែបនេះ ក្រោយមានរថយន្ដមួយគ្រឿងពាក់ស្លាក់លេខ «ជនមានពិការភាព»។តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ លោក ឯម ច័ន្ទមករា បានថ្លែងថា «ក្នុងនាមជាអ្នកទទួលបន្ទុកវិស័យពិការភាព ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធវិស័យពិការភាព នៅមិនទាន់មានច្បាប់អនុញ្ញាតឲ្យប្រើស្លាកលេខរថយន្ត ជនមានពិការភាព ដូចមានក្នុងរូបភាពខាងក្រោមនេះទេ»។

លោក ក៏បានអំពាវនាវដល់ម្ចាស់រថយន្ត អញ្ជើញទៅធ្វើស្លាកលេខរថយន្តឲ្យបានត្រឹមត្រូវ ជៀសវាងការផាកពិន័យ រួចធ្វើការចោទប្រកាន់មកលើអង្គភាពពាក់ព័ន្ធ។ លោកថា ត្រូវចែកឲ្យដាច់រវាងស្លាកលេខរថយន្ត និងបណ្ណចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ