ស្វាយរៀង៖ ស្ដ្រីជនជាតិវៀតណាម២នាក់ ដែលបានចាកចេញពីភ្នំពេញ ទៅខេត្តស្វាយរៀង ត្រូវបានរកឃើញមាន «វិជ្ជមានកូវីដ-១៩» ។ ស្ត្រីទាំង២នេះ ឈ្មោះ Dinh Thi Xuon Nhi យុ២៧ឆ្នាំ និង ឈ្មោះ Nguyen Ngoc Xia អាយុ២៨ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅអាផាតមិន Star Diamonds ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅបន្ទប់លេខ៤ ជាន់ទី៤ និងម្នាក់ទៀតនៅបន្ទប់លេខ៣ ជាន់ទី៩។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះ បានអោយដឹងថា ស្ត្រីជនជាតិវៀតណាមទាំង២នាក់ នេះ ស្នាក់នៅ ខណ្ឌចំការមន រាជធានីភ្នំពេញ បានធ្វើដំណើរពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី ម៉ាក ហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2AC-4048 មកដល់ក្រុងបាវិត ខេត្តស្វាយរៀង នៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃដដែល ក្នុងគោលបំណងចេញទៅប្រទេសវៀតណាម ។
ដោយសារមានឯកសារ មិនគ្រប់គ្រាន់ និង មានភាពមិនប្រក្រតី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអនុញ្ញាតឲ្យឆ្លងដែន និងបានឲ្យត្រឡប់មកក្រោយវិញ ។ បន្ទាប់មក ពួកគាត់បានមកស្នាក់នៅ សណ្ឋាគារហេងហេង សិរីរ័ត្ន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ប៉ុន្តែដោយទទួលបានព័ត៌មានពី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងមានការសង្ស័យ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត បានចុះណែនាំឲ្យពួកគាត់អនុវត្តឲ្យបានខ្ជាប់ខ្ជួនស្របតាមវិធានការ សុខាភិបាល ព្រមទាំងបានយកសំណាក ទៅធ្វើតេស្ត លើកទី១ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងលទ្ធផលតេស្តដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បញ្ជាក់ ស្ត្រីទាំងពីរនាក់ខាងលើ មានវិជ្ជមានជំងឺកូវីដ-១៩ ។
បច្ចុប្បន្ន រដ្ឋបាលខេត្តស្វាយរៀង បានចាត់ចែងបញ្ជូនអ្នកជំងឺទាំងពីរនាក់ខាងលើទៅសម្រាកព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។ចំពោះទីតាំងសណ្ឋាគារ ហេង ហេងសិរីរ័ត្ន រដ្ឋបាលខេត្ត បានសម្រេចផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រឺ ឯ ម្ចាស់សណ្ឋាគារ បុគ្គលិក និងភ្ញៀវ ដែលស្នាក់នៅសណ្ឋាគារហេង ហេង សិរីរ័ត្ន ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត បានយកវត្ថុសំណាកតេស្តទៅពិនិត្យនិងដាក់ឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ហេង ហេង សិរីរ័ត្ន តែម្តង៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ