វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា តាមរយៈកូវ៉ាក់ ចំនួន ៣២៤.០០០ដូស បានមកដល់កម្ពុជាហេីយ
ភ្នំពេញ ៖ នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងអា ស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន ៣២៤.០០០ដូស ដែលទទួលអាជ្ញាបណ្ណ ផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា បានមកដល់ប្រទេសកម្ពុជាហេីយ។ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ នាយប់ថ្ងៃទី២ មីនា នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ដោយមានការប្រគល់ ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាព ពិភពលោកប្រចាំកម្ពុជា និងលោកស្រី រុក ឲ្យូហ្សេត (Ms. Foroogh Foyouzat) តំណាងអង្គការ យូនីសេហ្វប្រចាំ កម្ពុជា ដែលពិធីនេះ ក៏នឹងមានវត្តមាន ចូលរួមពីមន្ត្រី ជាន់ខ្ពស់ របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វ ផងដែរ។ជាងនេះទៅទៀត វ៉ាក់សាំង ដែលមកដល់នាពេលនេះ គឺជាចំនួនវ៉ាក់សាំង ជាលើកដំបូង ដែល ផ្តល់ជាជំនួយឲ្យប្រទេសកម្ពុជា ពីមជ្ឈមណ្ឌលកូវាក់ (COVAX Facility) ហើយវ៉ាក់សាំង ក្នុងបរិមាណដទៃទៀត នឹងបន្ត ដឹកជញ្ជូនមកកម្ពុជា ជាបន្តបន្ទាប់ នៅពេលក្រោយទៀត ជាដំណាក់ៗ នៅក្នុងឆ្នាំ២០២១នេះ។ តាមប្រភពព័ត៌មាន ពីក្រសួងសុខាភិបាល បានឲ្យដឹងថា មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែង សកល ដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឲ្យ ប្រទេសទាំងអស់ នៅក្នុងពិភពលោក នូវសមភាពទទួលបាន វ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺ កូវីដ-១៩ ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ក្រសួងសុខាភិបាល ក៏បានលើកឡើងទៀតថា មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូ ជាមួយនឹងអង្គការយូនីសេហ្វ (UNICEF)។ កម្ពុជា គឺជាប្រទេសមួយ ដែលស្ថិតនៅក្នុងចំណោម ប្រទេសដំបូងគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបាន វ៉ាក់សាំង ពីមជ្ឈមណ្ឌលកូវាក់ (COVAX Facility)នេះ៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ