មិនមែន១លាននាក់ ឬ២ ៣លាននាក់នោះទេ គឺរាប់រយលាននាក់តែម្តង ដែលប្រទេសចិនអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនចេញដើរហើរនៅគ្រប់ទិសទីក្នុងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃ
(ចិន)៖នៅតាមដងផ្លូវធំៗក្នុងទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងមហាកំផែងចិន គេបានឃើញមានវត្តមានប្រជាជនចិនរាប់លាននាក់ ចេញដើរកម្សាន្តក្នុងថ្ងៃឈប់សម្រាករបស់ពួកគេដែលមានរយៈ៥ថ្ងៃ ។ នេះគឺជាលើកទី១ហើយ ចាប់តាំងពីឆ្នាំ២០១៩ ដែលចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកនៅប្រទេសចិន ចេញពីផ្ទះដើរលេងតាមតំបន់ទេសចរណ៍សំខាន់ៗ មានច្រើនបែបនេះ ហើយឃើញថាភាគច្រើនពុំមានអ្នកពាក់របាំងមុខ ឬម៉ាស់នោះឡើយ។
បើតាមការចេញផ្សាយដោយ CNA មន្រ្តីដឹកជញ្ចូនលោក Li Huaqiang បាននិយាយថា ទីក្រុងសំខាន់ៗដូចជា រដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ ក្វាងចូវ និងមហាកំផែងចិន ត្រូវបានគេរំពឹងថា មានមនុស្សប្រហែល២៦៥លាននាក់ ចេញដើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក ដែលមានរយៈពេល៥ថ្ងៃនេះ។ លោក Li Huaqiangបន្តថា ចំនួនមនុស្សចេញក្រៅច្រើនបែបនេះ សរបញ្ជាក់ឱ្យឃើញថា ស្ថានភាពនៅក្នុងប្រទេសចិននឹងវិលទៅរកសភាពធម្មតា ដូចកាលពីឆ្នាំ២០១៩។
អាជ្ញាធរបានឱ្យដឹងទៀតថា ការអនុញ្ញាតឱ្យប្រជាជនចិនដ៏ច្រើនសន្ធឹកសន្ធាប់ រាប់លាននាក់ ចេញដើរហើរនៅខាងក្រៅបែបនេះ មិនមែនជាការធ្វេសប្រហែស ឬមើលស្រាលស្ថានការណាមួយរបស់ប្រទេសនោះឡើយ ផ្ទុះទៅវិញ វាជាការគិតគូរ និងប្រុងប្រយ័ត្នបំផុតរបស់អាជ្ញាធរ ដោយអ្នកដែលអាចមានសិទ្ធដើរចេញក្រៅនេះបាន លុះត្រាតែពួកគេ មានវិញ្ញាប័ត្រសុខភាពអេឡិចត្រូវនិត វិញ្ញាបនប័ត្រចាក់វ៉ាកសាំង ដែលត្រូវបានពិនិត្រយ៉ាងម៉ត់ច្មត់ពីមន្រ្តីសុខាភិបាល ហើយត្រូវធ្វើការចុះឈ្មោះ បង្ហាញលេខកូដត្រឹមត្រូវ បញ្ជាក់ថា ពួកគេពិតជាគ្មានរោគសញ្ញា ឬអាការសង្ស័យណាមួយពាក់ព័ន្ធនិងវីរុសកូវីដ១៩ ទើបមន្រ្តីសុខាភិបាល និងអាជ្ញាធរ សម្រេចឱ្យពួកគេចេញមកក្រៅដើរកម្សាន្ត ក្នុងថ្ងៃឈប់សម្រាក់នេះ។ នេះហើយគឺជារឿងដែលនឹកស្មានមិនដល់ ថាអាជ្ញាធរចិន បានរៀបចំទុកមុន និងមានការប្រុងប្រយ័ត្នបំផុត មុននឹងហ៊ានឱ្យប្រជាជនខ្លួនរាប់រយលាននាក់ ចេញដើរហើយនៅខាងក្រៅបែបនេះ៕