បន្ទាយមានជ័យ៖ ផ្ទុះហ្គាសឆេះរថយន្តហាយឡិនដឺ១គ្រឿង និងមនុស្សរបួសធ្ងន់ស្រាល០៣នាក់ នៅក្រុងប៉ោយប៉ែត ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅកែងផ្សារមណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
អ្នកបើកបររថយន្តហាយឡិនដឺឈ្មោះ វណ្ណៈ សាន់តិ អាយុ១៩ឆ្នាំ ត្រូវជាក្មួយម្ចាស់ឡាននិងម្ចាស់តូបបញ្ជូលហ្គាលឈ្មោះ សារ៉ាត់ កន្និថា ស្រី អាយុ៣៩ឆ្នាំ។ អ្នកបើកបររថយន្ត បានប្រាប់ថា មុនពេលកើតហេតុ រូបគេបានដឹកទឹកពីព្រំដែន មកឲ្យម្តាយមីងទុកលក់ដូចសព្វមួយដង ក៏បានទំនាក់ទឹកបរិសុទ្ធចូលក្នុងតូប ហើយស្របពេលនោះក៏បានបញ្ជូលហ្គាសបណ្តើរ ទំនងដាក់លើសចំណុះ ទើបធ្លាយធុងបាញ់ហ្គាសចេញមកក្រៅ ស្របពេលមានភ្លើងចង្ហានលក់ ស៊ុប គុយទាវ មី របស់ម្ចាស់ឡាននៅក្បែរនោះប្រមាណជាំ៧ទៅ៨ម៉ែត្រ ឆាបឆេះតែម្តង។
ដែលហេតុការណ៍នេះ បណ្តាលឲ្យក្មេងចំនួន ០៣នាក់រងរបួសធ្ងន់ស្រាល ១.ឈ្មោះ សារ៉ាត់ សក្តដា ភេទប្រុស អាយុ១៤ឆ្នាំ រលាក់ជើង រងបួសស្រាល ត្រូវជាក្មួយម្ចាស់តូប ២.ឈ្មោះ ហន់ ដាណេ ស្រី អាយុ៦ឆ្នាំ រលាក់ដៃជើង និងដងខ្លួន(របួសធ្ងន់) ចំណែកទី៣.ឈ្មោះ ហន់់ លីហួរ ភេទស្រី អាយុ៣ឆ្នាំ រលាក់ជើងដៃ ដងខ្លួន និងផ្ទៃមុខ(របួសធ្ងន់) ក្មេងស្រីទាំងពីរនាក់ត្រូវជាកូនម្ចាស់តូប បានយកទៅព្យាបាលនៅមន្ទីរពេទ្យប៉ោយប៉ែត២ ចំណែករថយន្តហាយឡិនឌឺ ពណ៌ស ពាក់ស្លាកលេខ ប.ជ(2A-9567) ខូចខាតសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។
ក្រោយកើតហេតុភ្លាមៗនោះ មានការអន្តរាគមន៍ពីប្រជាពលរដ្ឋ អាជ្ញាធរ កម្លាំងសមត្ថកិច្ចចម្រុះយករថយន្តអគ្គីភ័យមកបាញ់ទឹកពន្លត់ ទើបធ្វើឲ្យអគ្គីភ័យនេះមិនបណ្តាលឲ្យឆាប់ឆេះឆ្លងដល់ផ្ទះអ្នកដទៃ និងមិនមានខូចខាតអីវ៉ាន់នៅក្នុងតូបធ្ងន់ធ្ងរឡើយ៕