រដ្ឋប្រហារមីយ៉ាន់ម៉ា៖ យោធាធ្វើការវាយឆ្មក់លើទីស្នាក់ការកណ្តាលគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី
មីយ៉ាន់ម៉ា៖ ក្រុមគណបក្សបាននិយាយថា យោធាមីយ៉ាន់ម៉ាបាន “វាយឆ្មក់និងបំផ្លាញ” ទីស្នាក់ការកណ្តាលនៃសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ភូមា បានអោយដឹងថា កម្លាំងសន្តិសុខបានបំបែកទ្វារដោយប្រើកម្លាំងកាលពីល្ងាចថ្ងៃអង្គារ ហើយមិនមានសមាជិកគណបក្សណាម្នាក់នៅក្នុងអគារនោះទេ។
ការវាយប្រហារកើតឡើងនៅពេលមនុស្សរាប់ពាន់នាក់នៅតែបន្តធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាដែលបានដកគណបក្ស NLD ចេញពីរដ្ឋាភិបាល។ ទទឹមនឹងនេះដែរ មនុស្សជាច្រើនកំពុងទាមទារឱ្យមានការដោះលែងលោកស្រី ស៊ូជី និងសមាជិកជាន់ខ្ពស់គណបក្ស NLD ។
ម៉្យាងវិញទៀតនោះ ទីកន្លែងស្នាក់នៅរបស់ពួកគេនៅមិនទាន់ដឹងនៅឡើយទេ ហើយលោកស្រី ស៊ូជី ទៀតសោធក៏មិនត្រូវបានគេឃើញនោះទេចាប់តាំងពីរដ្ឋប្រហារត្រូវបានចាប់ផ្តើមនៅដើមសប្តាហ៍មុន។
សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “មេដឹកនាំផ្តាច់ការយោធាបានវាយឆ្មក់និងកម្ទេចទីស្នាក់ការកណ្តាលគណបក្ស NLD នៅម៉ោងប្រហែល ៩:៣០ យប់” ប៉ុន្តែមិនមានបង្ហាញសេចក្តីលំអិតនោះទេ។
ការវាយឆ្មក់នេះបានធ្វើឡើងក្នុងអំឡុងពេលបម្រាមគោចរពេលយប់ទូទាំងប្រទេសដែលមានរយៈពេលចាប់ពីម៉ោង ២០:០០ ដល់ ០៤:០០ ម៉ោងក្នុងស្រុក (ម៉ោង ១៣:៣០ ដល់ ២១:៣០ GMT) ។
ការប្រមូលផ្តុំមនុស្សច្រើនជាង ៥ នាក់ក៏ត្រូវបានហាមឃាត់ផងដែរ។ ប៉ុន្តែក្រុមអ្នកតវ៉ាបានព្រងើយកន្តើយចំពោះបញ្ហានេះដោយមនុស្សរាប់ម៉ឺននាក់បានធ្វើដំណើរតាមដងផ្លូវកាលពីថ្ងៃអង្គារ រយៈពេល ៤ ថ្ងៃជាប់ៗគ្នា ហើយប៉ូលីសបានតបតរទៅវិញជាមួយនឹងការប្រើប្រាស់កម្លាំងហឹង្សា ដែលបណ្តាលឱ្យមានអ្នករងរបួសមួយចំនួនបើយោងតាមការរាយការណ៍។
សូមបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃពុធនេះ ក្រុមមន្រ្តីរាជការមួយក្រុមធំបានប្រមូលផ្តុំគ្នានៅរដ្ឋធានីណៃពិដោ ដើម្បីធ្វើការតវ៉ាដូចគ្នាដែរ។