យ៉ាងហោចណាស់ជនស៊ីវិល ១៣២ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតនៅ ប៊ូគីណា ហ្វាសូ (Burkina Faso)
Burkina Faso៖ រដ្ឋាភិបាលបានថ្លែងនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធដ៏អាក្រក់បំផុតនៅក្នុងប្រទេស ប៊ូគីណា ហ្វាសូ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានកើនឡើងដល់ ១៣២ នាក់ បន្ទាប់ពីក្រុមប្រដាប់អាវុធបានឡោមព័ទ្ធពេញមួយយប់នៅភូមិមួយនៅភាគឥសាន ដែលមានក្រុមជីហាដនិយម។
ក្រុមអ្នកវាយប្រហារ បានវាយប្រហារទាំងយប់ថ្ងៃសុក្រ ដោយបានសំលាប់ប្រជាជននៅក្នុងភូមិ Solhan ក្នុងខេត្ត Yagha ជាប់ព្រំដែនប្រទេសនីហ្សេរីយ៉ា។ រដ្ឋាភិបាលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេក៏បានដុតផ្ទះ និងផ្សារផងដែរ។
មានការប្រកាសរយៈពេល ៧២ ម៉ោង នៃការកាន់ទុក្ខថ្នាក់ជាតិ ដោយបានពណ៌នាអ្នកវាយប្រហារថាជាភេរវករ ទោះបីជាគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវក៏ដោយ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក Ousseni Tamboura ក្រោយមកក៏បានប្រាប់ផងដែរថា ប្រជាជន ៤០ នាក់ផ្សេងទៀត បានរងរបួស។
ស្របពេលជាមួយគ្នានេះ អង្គការសហប្រជាជាតិបាននិយាយថា អគ្គលេខាធិការ លោក Antonio Guterres មានការខឹងសម្បាយ៉ាងខ្លាំងចំពោះការវាយប្រហារនេះដែលបណ្តាលអោយមានជនរងគ្រោះ រួមមានកុមារ ៧ នាក់។
គួររលឹកថា ទោះបីជាមានវត្តមានអ្នកថែរក្សាសន្តិភាពរាប់ពាន់នាក់របស់អង្គការសហប្រជាជាតិក៏ដោយ ការវាយប្រហាររបស់ក្រុមជីហាតបានផ្សារភ្ជាប់ទៅនឹងក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាមនៅតំបន់សាហអាហ្វ្រិកខាងលិចបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំនេះ ជាពិសេសនៅ ប៊ូគីណា ហ្វាសូ, ម៉ាលី និងនីហ្សេរីយ៉ា ដែលមានជនស៊ីវិលរងគ្រោះ។ NR