លោក Trump នឹងសម្រេចចិត្ត ថាតើត្រូវវិលត្រឡប់មកកាន់សេតវិមានឬយ៉ាងណា បន្ទាប់ពីពាក់កណ្តាលឆ្នាំ ២០២២?
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងសម្រេចចិត្តថាតើគួរវិលត្រឡប់មកឈរឈ្មោះតំណាងដើម្បីឡើងកាន់ដំណែងនៅសេតវិមានវិញឬយ៉ាងណា បន្ទាប់ពីការបោះឆ្នោតសភានៅ ខែវិច្ឆិកា ឆ្នាំ ២០២២ ។
លោក Trump បាននិយាយថា លោកមានការប្តេជ្ញាចិត្តក្នុងការជួយសមាជិកសភាសាធារណរដ្ឋដើម្បីព្យាយាមយកឈ្នះការគ្រប់គ្រងសភាតំណាងរាស្រ្តអាមេរិក និងព្រឹទ្ធសភាក្នុងការបោះឆ្នោតឆ្នាំ ២០២២ ដែលនឹងក្លាយជាការធ្វើប្រជាមតិដំបូងមួយ លើការដឹកនាំរបស់ប្រធានាធិបតីប្រជាធិបតេយ្យលោក Joe Biden ។
លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា “ខ្ញុំគិតថាយើងមានឱកាសល្អណាស់ក្នុងការដណ្តើមយកសេតវិមានមកវិញ” ។ “អ្នកមានឱកាសល្អក្នុងការយកព្រឹទ្ធសភាត្រឡប់មកវិញ ហើយនិយាយដោយត្រង់ទៅ យើងនឹងធ្វើការសម្រេចចិត្តរបស់យើងបន្ទាប់ពីនោះ” ។
ម្យ៉ាងវិញទៀតនោះ លោក Trump បានប្រាប់ពិធីកររបស់ Fox News លោកស្រី Maria Bartiromo ថា អ្នកគាំទ្ររបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រគាត់ម្តងទៀតប្រសិនបើគាត់កាន់ដំណែងវិញ។ លោក Trump បានមានបន្តថា “ផ្អែកលើការស្ទង់មតិ ពួកគេចង់ឲ្យខ្ញុំឡើងកាន់ដំណែងម្តងទៀត ប៉ុន្តែយើងនឹងរង់ចាំមើល ហើយយើងនឹងបានឃើញ” ។