ហ្វីលីពីន៖ អ្នកនាំពាក្យហ្វីលីពីនបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹងមិនសហការជាមួយការស៊ើបអង្កេត លើការសម្លាប់ឧក្រិដ្ឋជនគ្រឿងញៀនរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះឡើយ ដែលបានគ្រោងទុកដោយ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ហៅកាត់ ICC) ។

ក្រុមសិទិ្ធមនុស្ស និងអ្នករិះគន់ចំពោះការសម្លាប់លើរឿងគ្រឿងញៀន បានស្វាគមន៍ជំហ៊ានរបស់ ICC ដោយនិយាយថា ការស៊ើបអង្កេតពេញលេញនឹងនាំមកនូវយុត្តិធម៌ដល់មនុស្សរាប់ពាន់នាក់ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមបង្ហូរឈាមរបស់លោក Rodrigo Duterte លើបញ្ហាគ្រឿងញៀន។

អ្នកនាំពាក្យ លោក Harry Roque បានប្រាប់សន្និសីទសារព័ត៌មានថា "យើងនឹងមិនសហការទេពីព្រោះយើងមិនមែនជាសមាជិកទៀតទេ" ។ លោក Rodrigo Duterte បានលុបចោលសមាជិកភាពរបស់ហ្វីលីពីនក្នុងសន្ធិសញ្ញាបង្កើត ICC កាលពីខែមីនា ឆ្នាំ ២០១៨ ។

លោក Harry Roque បាននិយាយថា “យើងមិនត្រូវការជនបរទេសស៊ើបអង្កេតការសម្លាប់រង្គាលក្នុងសង្គ្រាមគ្រឿងញៀនទេ ពីព្រោះប្រព័ន្ធច្បាប់កំពុងធ្វើការនៅក្នុងប្រទេសហ្វីលីពីន។

លោកបានបន្ថែមថា លោកជឿជាក់ថា ការបើកការស៊ើបអង្កេតជាផ្លូវការមួយគឺ “មានលក្ខណៈមិនត្រឹមត្រូវ និងមានហេតុផលនយោបាយ” ។

ព្រះរាជអាជ្ញា ICC បានស្វែងរកការអនុញ្ញាតកាលពីថ្ងៃច័ន្ទ ដើម្បីបើកការស៊ើបអង្កេតពេញលេញលើការសម្លាប់នេះ ដោយនិយាយថា ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិអាចត្រូវបានប្រព្រឹត្ត។

ស្របពេលជាមួយគ្នានេះ អតីតសមាជិកព្រឹទ្ធសភាប្រឆាំង លោក Antonio Trillanes បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ច្បាប់ដ៏វែងនេះ នឹងតាមទាន់លោក Rodrigo Duterte និងបក្ខពួករបស់លោកឆាប់ៗនេះ” ។

ដោយឡែក ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ចាប់តាំងពីលោក Rodrigo Duterte ចូលកាន់តំណែងក្នុងឆ្នាំ ២០១៦ រហូតដល់ដំណាច់ខែមេសាឆ្នាំនេះ ប៉ូលីសបានសម្លាប់អ្នកជួញដូរគ្រឿងញៀនដែលត្រូវបានសង្ស័យជាង ៦.១០០ នាក់ នៅក្នុងប្រតិបត្តិការតឹងរ៉ឹង។

គួររំលឹកថា ក្រុមសិទិ្ធមនុស្សនិយាយថា ប៉ូលីសកំពុងធ្វើការសម្លាប់ជនសង្ស័យ ប៉ុន្តែអាជ្ញាធរនិយាយថា ពួកគេត្រូវបានសម្លាប់បន្ទាប់ពីប្រឆាំងនឹងការចាប់ខ្លួនដោយហឹង្សាទៅវិញ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ