មីយ៉ាន់ម៉ា៖ អ្នកភូមិជនជាតិភាគតិចការ៉ែន រាប់ពាន់នាក់នៅមីយ៉ាន់ម៉ា បានត្រៀមខ្លួននឹងឆ្លងចូលប្រទេសថៃ ប្រសិនបើមានការប្រយុទ្ធគ្នាកាន់តែខ្លាំងរវាងកងទ័ពមីយ៉ាន់ម៉ា និងពួកឧទ្ទាមការ៉ែន ដោយរត់ទៅនៅជាមួយអ្នកដែលបានរួចផុតពីភាពច្របូកច្របល់ដែលបានកើតឡើងបន្ទាប់ពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។
ក្រុមឧទ្ទាមការ៉ែន និងកងទ័ពមីយ៉ាន់ម៉ា បានប៉ះទង្គិចគ្នានៅជិតព្រំដែនថៃ ក្នុងពេលប៉ុន្មានសប្តាហ៍ ចាប់តាំងពីឧត្តមសេនីយ៍មីយ៉ាន់ម៉ាបានបណ្តេញរដ្ឋាភិបាលប្រជាធិបតេយ្យជាប់ឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី ចេញពីតំណែង។
បណ្តាញគាំទ្រសន្តិភាពការ៉ែននិយាយថា អ្នកភូមិរាប់ពាន់នាក់កំពុងជ្រកកោននៅត្រើយម្ខាងនៃទន្លេ Salween ហើយពួកគេនឹងភៀសខ្លួនទៅកាន់ប្រទេសថៃ ប្រសិនបើការប្រយុទ្ធគ្នាកើនឡើងកាន់តែខ្លាំង។ ពួកគេបានបន្ថែមនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “នៅក្នុងប៉ុន្មានថ្ងៃខាងមុខ ប្រជាជនការ៉ែនជាង ៨.០០០ នាក់នៅតាមដងទន្លេ Salween នឹងត្រូវភៀសខ្លួនទៅកាន់ប្រទេសថៃ។ យើងសង្ឃឹមថា កងទ័ពថៃនឹងជួយពួកគេឱ្យរួចផុតពីសង្គ្រាម” ។
គួរបញ្ជាក់ថា អ្នកប្រយុទ្ធការ៉ែន កាលពីថ្ងៃអង្គារ បានវាយលុកអង្គភាពកងទ័ពមីយ៉ាន់ម៉ា នៅលើច្រាំងខាងលិចនៃទន្លេ Salween ដោយបានវាយប្រហារមុនពេលព្រលឹមស្រាងៗ។ ក្រុមឧទ្ទាមការ៉ែន បាននិយាយថា ទាហាន ១៣ នាក់ និងយុទ្ធជន ៣ នាក់ របស់ពួកគេត្រូវបានសម្លាប់។
យ៉ាងណាមិញ អាជ្ញាធរថៃនិយាយថា អ្នកភូមិជិត ២០០ នាក់ បានឆ្លងចូលប្រទេសថៃនៅសប្តាហ៍នេះ។ ប្រទេសថៃបានពង្រឹងកម្លាំងរបស់ខ្លួន និងរឹតត្បិតការចូលក្នុងព្រំដែន។ ម្យ៉ាងវិញទៀត អ្នកភូមិថៃ រាប់រយនាក់ក៏ត្រូវបានផ្លាស់ប្តូរទីលំនៅ ចូលទៅក្នុងទឹកដីថៃដើម្បីសុវត្ថិភាពផងដែរ៕NR