នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវឱ្យ G7 ធ្វើការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក នៅចុងឆ្នាំ ២០២២
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យមេដឹកនាំនៃក្រុមអ្នកមានទាំង ៧ (G7) អោយធ្វើការចាក់វ៉ាក់សាំងនៅលើពិភពលោក នៅចុងឆ្នាំ ២០២២ ខណៈពួកគេនឹងជួបគ្នានៅចក្រភពអង់គ្លេស សប្តាហ៍ក្រោយនេះ។
លោក Boris Johnson នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូង ក្នុងរយៈពេលជិតពីរឆ្នាំនៃមេដឹកនាំ G7 ដែលបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ក្រុមដែលបានបញ្ចប់នៅមុនថ្ងៃនោះ ហើយបាននិយាយថា លោកនឹងស្វែងរកការសន្យាដើម្បីសម្រេចគោលដៅចាក់វ៉ាក់សាំងជាសកល។
គួររលឹកថា មេដឹកនាំនៃ G7 រួមមាន ប្រទេស អាឡឺម៉ង់, បារាំង, សហរដ្ឋអាមេរិក, អ៊ីតាលី, ជប៉ុន, សហភាពអឺរ៉ុប និងកាណាដា នឹងចូលរួមជាមួយ លោក Boris Johnson សម្រាប់កិច្ចប្រជុំកំពូលរយៈពេល ៣ ថ្ងៃ នៅទីក្រុង Cornwall ភាគនិរតីនៃប្រទេសអង់គ្លេស ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ។ នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីខែមករា។ NR