អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចាប់ផ្តើមការចរចារលើការផ្គត់ផ្គង់វ៉ាក់សាំង ចំពេលមានការប៉ះទង្គិចគ្នាពាក់ព័ន្ធបញ្ហាប័ណ្ណប៉ាតង់
WTO៖ សមាជិកអង្គការពាណិជ្ជកម្មពិភពលោក បានព្រមព្រៀងកាលពីថ្ងៃពុធ ដើម្បីចាប់ផ្តើមការចរចារជាផ្លូវការលើផែនការការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែត្រូវប្រឈមនឹងសំណើរបស់គូប្រជែងដោយខ្លះទាមទារអោយមានកម្មសិទ្ធិបញ្ញា និងខ្លះទៀតគ្មានកម្មសិទ្ធិបញ្ញា។
អាហ្រ្វិកខាងត្បូង និងឥណ្ឌា ដែលជាប្រទេសកំពុងត្រូវការវ៉ាក់សាំងបន្ទាន់ បានជំរុញអស់រយៈពេល ៨ ខែ សម្រាប់ការលះបង់សិទ្ធិជាបណ្តោះអាសន្នកម្មសិទ្ធិបញ្ញាលើវ៉ាក់សាំង និងការព្យាបាលដទៃទៀត។ ទាំងនេះអាចអនុញ្ញាតឱ្យក្រុមហ៊ុនផលិតក្នុងស្រុក ផលិតថ្នាំបង្ការ ដែលអ្នកគាំទ្រនិយាយថា ចាំបាច់ក្នុងការដោះស្រាយភាពមិនស្មើគ្នានៃការផ្គត់ផ្គង់។
ដោយឡែក ប្រទេសអភិវឌ្ឍន៍ដែលជាមានក្រុមហ៊ុនឱសថធំៗជាច្រើន បានជំទាស់ដោយលើកហេតុផលថា ការលះបង់នឹងមិនជម្រុញផលិតកម្ម តែអាចធ្វើឱ្យខូចដល់ការស្រាវជ្រាវនិងការអភិវឌ្ឍ នាពេលអនាគតលើវ៉ាក់សាំង និងការព្យាបាល។
សហគមន៍អ៊ឺរ៉ុប បានបង្ហាញនូវផែនការមួយដែលគាំទ្រដោយ ចក្រភពអង់គ្លេស ស្វីស និងកូរ៉េខាងត្បួង ដោយខ្លួនអះអាងថា នឹងផ្តល់ការផ្គត់ផ្គង់កាន់តែទូលំទូលាយថែមទៀត។ ពួកគេនិយាយថា ច្បាប់ដែលមានស្រាប់របស់អង្គការពាណិជ្ជកម្មពិភពលោក អនុញ្ញាតឱ្យបណ្តាប្រទេសផ្តល់អាជ្ញាប័ណ្ណដល់អ្នកផលិតរួចហើយ បើទោះបីជាគ្មានការយល់ព្រមពីម្ចាស់ប៉ាតង់។
គួររលឹកថា មន្ត្រីពាណិជ្ជកម្មរបស់ទីក្រុងហ្សឺណែវ បាននិយាយថា សមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក បានយល់ព្រមចាប់ផ្តើមការពិភាក្សានៅថ្ងៃទី ១៧ ខែមិថុនា ដើម្បីកំណត់ទម្រង់នៃការចរចា និងដើម្បីបង្កើតរបាយការណ៍ដែលបង្ហាញពីវឌ្ឍនភាពរបស់ពួកគេស្តីពីផែនការផ្គត់ផ្គង់វ៉ាក់សាំងនៅត្រឹមថ្ងៃទី ២១-២២ ខែកក្កដា នៅពេលក្រុមប្រឹក្សាទូទៅរបស់អង្គការពាណិជ្ជកម្មពិភពលោកបានកោះប្រជុំ។ NR