អាមេរិក៖ ប្រភពចំនួន ៣ បានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋបាលរបស់ លោក បៃដិន គ្រោងនឹងបរិច្ចាគនូវវ៉ាក់សាំង Pfizer ការពារជំងឺកូវីដ១៩ ចំនួន ៥០០ លានដូស ដល់ប្រទេសជិត ១០០ ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។
ពួកគេបាននិយាយថា សហរដ្ឋអាមេរិកទំនងជានឹងចែកចាយវ៉ាក់សាំងចំនួន ២០០ លានដូស ក្នុងឆ្នាំនេះ និង ៣០០ លានដូស ផ្សេងទៀត នៅក្នុងឆមាសទីមួយនៃឆ្នាំក្រោយ ដល់ប្រទេសចំនួន ៩២ ប្រទេស ដែលមានប្រាក់ចំណូលទាប និងសហភាពអាហ្វ្រិក។
ការបរិច្ចាគនឹងត្រូវឆ្លងកាត់តាមកម្មវិធីវ៉ាក់សាំង COVAX ដែលចែកចាយការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម។ កម្មវិធីនេះដឹកនាំដោយអង្គការសុខភាពពិភពលោក និងសម្ព័ន្ធសកលសម្រាប់ការចាក់ថ្នាំបង្ការ និងការចាក់ថ្នាំបង្ការរោគ (GAVI) ។
ប្រភពមួយបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងប្រកាសពីកិច្ចព្រមព្រៀងនេះនៅថ្ងៃព្រហស្បតិ៍ នៅឯកិច្ចប្រជុំនៃក្រុមទាំង ៧ នៃប្រទេសអ្នកមានបំផុតនៅលើពិភពលោកនៅក្នុងចក្រភពអង់គ្លេស។
ស្ថានីយទូរទស្សន៍ CNBC បានរាយការណ៍នៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកក៏កំពុងតែពិភាក្សាជាមួយក្រុមហ៊ុន Moderna Inc អំពីការទិញថ្នាំបង្ការរបស់ខ្លួនមួយចំនួនដើម្បីបរិច្ចាគទៅប្រទេសផ្សេងទៀតផងដែរ។
អ្នកនាំពាក្យរបស់ Moderna បាននិយាយថា ក្រុមហ៊ុនចាប់អារម្មណ៍ក្នុងការផ្តល់អោយរដ្ឋាភិបាលអាមេរិកនូវការថ្នាំបង្ការជំងឺកូវីដ១៩ ដើម្បីផ្តល់ឱ្យប្រទេសដែលមានចំណូលទាប និងមធ្យម ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការពិភាក្សាណាមួយឡើយ។ ចំណែកឯ សេតវិមាននិងក្រុមហ៊ុន Pfizer បដិសេធមិនធ្វើអត្ថាធិប្បាយ។
ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានមុនពេលឡើងយន្តហោះ Air Force One ទៅកាន់ចក្រភពអង់គ្លេសថា លោកមានយុទ្ធសាស្ត្រចាក់វ៉ាក់សាំងសកល ហើយនឹងត្រូវប្រកាសវា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។
ម្យ៉ាងវិញទៀត ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនរំពឹងថានឹងផលិតបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៣ ពាន់លានដូស (3 billion shots) នៅឆ្នាំ ២០២១ និងលើសពី ៤ ពាន់លានដូស (4 billion shots) នៅឆ្នាំក្រោយ។
គួររលឹកថា មានកិច្ចព្រមព្រៀងទិញវ៉ាក់សាំង រវាងសហរដ្ឋអាមេរិក និងក្រុមហ៊ុន Pfizer ក្នុងតម្លៃ “មិនរកប្រាក់ចំណេញ” ដែលជាការបន្ថែមទៅលើវ៉ាក់សាំងចំនួន ៣០០ លានដូស ដែលសហរដ្ឋអាមេរិកបានទិញពីក្រុមហ៊ុន Pfizer ដែលធ្វើអោយចំនួនសរុបនៃវ៉ាក់សាំងប្រភេទ Pfizer BioNTech ដែលទិញដោយសហរដ្ឋអាមេរិកមានចំនួនដល់ទៅ ៨០០ លានដូស។ NR